រាជធានីភ្នំពេញ ៖ ផ្ទះស្តុកក្រណាត់ និងកាត់ដេរសំលៀកបំពាក់មួយខ្នង និងបន្ទប់ជួលជាច្រើនបន្ទប់ ត្រូវអគ្គីភ័យលេបត្របាក់ខូចខាតអស់ស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីឈានចូលព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះអត់លេខ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះកើតហេតុគឺជាផ្ទះដែលស្តុក ក្រណាត់និងកាត់ដេរសំលៀកបំពាក់ នៅក្នុងផ្ទះនៃផ្នែកខាងក្រោយគឺជាកន្លែងស្តុកក្រណាត់ច្រើនជាគេ ដោយនៅម្តុំផ្ទះកើតហេតុភាគីច្រើន មិនថាផ្ទះឬបន្ទប់ជួលនោះទេគឺសុទ្ធតែកាត់ដេរសំលៀកបំពាក់។ នៅមុនពេលកើតហេតុ ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែសំរាកលង់លក់យ៉ាងស្កប់ស្កល់ ក៏ស្រាប់តែឮសម្លេងម្ចាស់ផ្ទះកើតហេតុបានស្រែកឆោឡោឲ្យគេឯងជួយ រំពេចនោះប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្ទះកើតហេតុបានចេញមកមើល ក៏ឃើញមានអណ្ដាតភ្លើងកំពុងតែឆាបឆេះចេញពីក្នុងផ្ទះកើតហេតុយ៉ាងសន្ធោសន្ធៅ។ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាជួយទាញទុយយោទឹកបាញ់ពន្លត់ និងខ្លះទៀតបានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អណ្ដាតភ្លើង តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យ។តាមប្រភពដដែលបានបន្តថា បន្តិចក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកដល់ទីតាំងកើតហេតុ តែដោយស្ថានភាពផ្លូវមានភាពតូចចង្អៀតធ្វើឲ្យពិបាកដល់រថយន្តពន្លត់អគ្គីភ័យចូលទៅបាញ់ទឹកពន្លត់ គឺបានត្រឹមតែរាយទុយយោពីខាងក្រៅចូលទៅបាញ់ពន្លត់ ជាហេតុធ្វើអោយអណ្ដាតភ្លើងឆាបឆេះរាលដាលដល់បន្ទប់ជួលដែលនៅជាប់សងខាងនៃផ្ទះកើតហេតុ។ ខណៈពេលដែលកំពុងតែធ្វើការបាញ់ទឹកពន្លត់ ក៏ស្រាប់តែឮសម្លេងគោះជញ្ជាំងពីក្នុងបន្ទប់ជួលដែលត្រូវបានភ្លើងកំពុងតែឆាបឆេះ។តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ចក៏បាននាំគ្នាវា.យទម្លុះជញ្ជាំងបន្ទប់ផ្នែកខាងក្រោយ និងបាននាំស្ត្រីចំនួន៤នាក់ដែលជាប់នៅក្នុងបន្ទប់នោះចេញមកក្រៅទាន់ពេលវេលា និងបណ្តាលឲ្យស្ត្រីចំនួនពីរនាក់ក្នុងចំណោមបួននាក់រងរបួសស្រាល ។មកទល់នឹងព្រឹកនេះដែរ ស្ថានភាពអណ្ដាតភ្លើងនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយនោះទេ ដោយមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងកំពុងតែបន្តការបាញ់ពន្លត់៕