នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខេត្តប៉ៃលិនប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «TVET» (ផ្តល់ជំនាញ និងការងារសមរម្យ) ដើម្បីជំរុញលើកទឹកចិត្តដល់យុវជនឱ្យចាប់អារម្មណ៍លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។
លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់អំពីសារសំខាន់នៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ(TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ បើយើងគ្រប់ៗគ្នាមានជំនាញពិតប្រាកដច្បាស់ណាស់និងទទួលបានប្រាក់ចំណូលសមរម្យ ជាពិសេសនិងធ្វើឱ្យប្រទេសជាតិរីកចម្រើនរុងរឿង គឺសម្បូរធនធានមនុស្សដែលមានបច្ចេកទេសនិងវិជ្ជាជីវៈធ្វើឱ្យសង្គមជាតិមានការរីកចម្រើនទៅមុខកាន់តែល្អប្រសើរ ជួយសម្រួល និងពន្លឿនការងារជាច្រើនដល់យើងទាំងអស់គ្នាក្នុងការប្រើប្រាស់សព្វថ្ងៃជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលដែលបានខិតខំទាំងកម្លាំង កាយចិត្តជួយបង្ហាត់បង្រៀន ដល់សិស្ស សិក្ខាកាម ទៅតាមជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានជំនាញពិតប្រាកដទៅប្រកបមុខរបររកចិញ្ចឹមជីវិត ក៏ដូចរួមចំណែកអភិឌ្ឍន៍ ប្រទេសជាតិ។
បើតាមរបាយការណ៍លោកស្រី យឿន ចាន់ឌី នាយិកាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិនស្តីទី បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២២ មានសិស្សចូលរៀនសរុប ៩៣៥នាក់ ស្រី ៥៤៣នាក់ ដល់ឆ្នាំ ២០២៣ មានសិស្សចូលរៀនសរុប ៥៥៨នាក់ ស្រី ២០៤នាក់ ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម