លោក សុង យ៉ុងហ្គឹន (SONG Youggun) នាយកប្រចាំប្រទេសរបស់អង្គការ KOFIH កូរ៉េបានប្ដេជ្ញាបន្ដជួយ គាំទ្រលើវិស័យសុខាភិបាលកម្ពុជាពិសេសវិស័យសុខាភិបាលខេត្តប៉ៃលិនក្នុ ងការពង្រីកគម្រោងធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធសេវាថែទាំព្យាបាល ជំងឺមិនឆ្លងដែលបានកំពុងតែអនុវត្ដក្នុងខេត្ដគោលដៅ រួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្ដប៉ៃលិន ក្នុងគម្រោង រយៈពេល ៥ ឆ្នាំ ចាប់តាំងពី ២០២១ ដល់ ឆ្នាំ ២០២៥។
ការថ្លែងដូច្នេះរបស់លោកប្រធានអង្គការ KOFIH ក្នុងឱកាសទទួលជួបសម្ដែង ការគួរសមណែនាំខ្លួន និង ពិភាក្សាការងារ ជាមួយ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្ត នាព្រឹក ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ នៅមន្ទីរសុខាភិបាល ខេត្តប៉ៃលិន។
បើតាម លោក សុង យ៉ុងហ្គឹន (SONG Youggun) ប្រធានអង្គការ KOFIH បាន ថ្លែងអំណរគុណជូនចំពោះ រដ្ឋបាលខេត្តប៉ៃលិន ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ដែលតែងតែសហការ នឹង ផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោង នានា ពិសេស ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងខេត្តប៉ៃលិន ទាំងនេះសបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាព និង កិច្ច សហប្រតិបត្តិ រវាង ប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ជាមួយគ្នានេះ លោកក៏បានប្ដេជ្ញាថា នឹង បន្ដកិច្ចសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត និង ស្នើសុំការគាំទ្របន្ថែមទៀត ទៅដល់ប្រតិបត្ដិការ និង សកម្មភាពការងារជាបន្ដបន្ទាប់របស់អង្គការ KOFIH ផងដែរ ។ ហើយលោកក៏មានផែនការអនុវត្តន៍លើគម្រោងភូមិសុខភាពគម្រូ០១ នៅខេត្តប៉ៃលិនមុនគេផងដែរ ។
ជាការឆ្លើយតបលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបាន សម្ដែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សុង យ៉ុងហ្គឹន អង្គការ KOFIH និងប្រជាជនកូរ៉េទាំងអស់ ដែលបានជួយលើវិស័យសុខាភិបាលនៅកម្ពុជាជាច្រើនមិនអាចកាត់ថ្លៃបាននោះទេ ហើយជាមួយគ្នានោះក៏បានឧបត្ថម្ភគាំទ្រ ក្នុងការពង្រីកគម្រោងធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធសេវាថែទាំ ព្យាបាល ជំងឺមិនឆ្លង លើវិស័យសុខាភិបាល ខេត្តប៉ៃលិន របស់អង្គការ KOFIH ក្នុងស្មារតី សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ យូរអង្វែង ។ លើសពីនោះ លោក ហែម ឬទ្ធី អភិបាលរងខេត្តក៏បាន ប្ដេជ្ញាបន្ដ សហប្រតិបត្ដិការ នេះឱ្យកាន់តែប្រសើរ បន្ថែមទៀត ។ ហើយលោក អភិបាលរងខេត្ត ក៏បានបញ្ជាក់ដែរថា ការជួយរបស់អង្គការ KOFIH ពិតជាបានរួមចំណែក ពង្រឹងគុណភាពសេវាថែទាំសុខភាព ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ និង ការរៀបចំប្រព័ន្ធតាមដានជំងឺ ជាដើម សំដៅកាត់បន្ថយអត្រា មរណភាព មាតា ទារក និង កុមារ ស្របតាម ផែនការ យុទ្ធសាស្ត្រ សុខាភិបាល និង បានរួមចំណែកជាមួយនឹង កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ដើម្បី ឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាព ជាសកលស្របតាម គោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ប៉ិនប្រសព្វប្រកបដោយ គតិបណ្ឌិត របស់ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ដែលនេះជាមោទនភាពមួយដែលអង្គការ KOFIH បានជួយលើវិស័យសុខាភិបាលនៅកម្ពុនិងខេត្តប៉ៃលិនជាបន្តបន្ទាប់ទៀត។
បន្ទាប់ពីកិច្ចសំណេះសំណាលពិភាក្សាការងារចប់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំលោកអភិបាលរងខេត្តនិងអង្គការ KOFIH ដើម្បីពិនិត្យមើលលើការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋទូទៅ លើសេវាសុខភិបាលនៅមន្ទីរសុខាភិបាលខេត្តដំណើរការដោយរលូននិងមានពេទ្យគ្រប់ជំនាញប្រចាំការតាមផ្នែកនីមួយៗប្រកបដោយការទទូលខុសត្រូវខ្ពស់ផងដែរ។ ក្នុងឱកាសនោះផងដែរអង្គការ KOFIH ក៏បានផ្តល់ជូននូវឱសថនិងបរិក្ខាពេទ្យមួយចំនួនជូនដល់មន្ទីរសុខាភិបាលខេត្តប៉ៃលិនទុកប្រើប្រាស់តាមតម្រូវការផងដែរ។
សូមបញ្ជាក់ថាអង្គការ KOFIH ជាជំនួយឥតសំណងរបស់ប្រជាជនកូរ៉េបានសហការគាំទ្រ ក្រសួងសុខាភិបាល កម្ពុជាសម្រាប់គម្រោងកម្មវិធីសំណុំ សមាហរណកម្ម សេវាសុខភាព មាតា និង ទារក ចាប់តាំងពី ឆ្នាំ ២០១១ រហូតមកដល់ ពេលបច្ចុប្បន្ន រួមមានខេត្ត០៣សំខាន់ៗ រួមមានដូចជា៖ ខេត្តបាត់ដំបង ពោធិ៍សាត់ និង ប៉ៃលិន និង ពង្រីក បន្ថែម គម្រោង មួយចំនួនទៀត ដូចជា កម្មវិធីឆ្លើយតបបន្ទាន់ សម្រាប់សុខភាព កម្មវិធី ពង្រឹងសមត្ថភាពការផ្តល់សេវា EmONC កម្មវិធីធ្វើឱ្យប្រសើរឡើង គុណភាពសេវាតាមរយៈការពង្រឹង និងគ្រប់គ្រង ជំងឺមិនឆ្លង កម្មវិធីពង្រឹងសមត្ថភាព សម្រាប់ សេវាថែទាំ ទារក ទើបនឹងកើតផងដែរ ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម