(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេស ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន ៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ ប្រមាណ ២.០០០.០០០ ដុល្លារអាមេរិក (ពីរលានដុល្លារអាមេរិក)។ គម្រោងទាំងនោះ នឹងផ្ដល់ផលកាន់តែច្រើន នៅតាមវិស័យផ្សេងៗ រួមមាន៖ វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។
ក្នុងរយៈពេល៦ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់ជំនួយហិរញ្ញវត្ថុ ដល់គម្រោងប្រមាណ ៨០ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួម នៃសន្តិភាព វិបុល ភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាង ទាំងអស់៕