(ភ្នំពេញ)៖ រដូវកាលបោះឆ្នោតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រដូវសន្យា បានមកដល់ហើយ អ្នកខ្លះជិះម៉ូតូទៅសន្យាជាមួយគេថា បើគេឈ្នះគេទិញឡានឲ្យ តែជាសិទ្ធិនៃការឃោសនារបស់ពួកគេ ក៏ប៉ុន្តែគណបក្សប្រជាជនរបស់យើង អ្វីដែលយើងធ្វើកន្លងទៅ គឺយើងធ្វើតែម្ដងមិនសន្យាទេ»។ នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រសហគ្រាស នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំឭកថា «ដូចជាការផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធទប់ស្កាត់ និងផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយនៅពេលដែលមានការព្យួរការងារ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ជាសាច់ប្រាក់ជូន ដើម្បីដោះស្រាយជីវភាពកម្មករ-កម្មការិនី»។
សម្ដេចតេជោ ហ៊ុន សែន ក៏បាន បញ្ជាក់ថា «មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែឆ្នាំ២០២១ និង២២ទេ ទើបតែ ២០២៣ទើបឡើង ព្រោះយើងផ្ដល់ការគិតគូរខ្ពស់លើការការពារសុខភាព និងជីវិតប្រជាជន»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងមួយខែរដ្ឋចំណាយលុយអស់ប្រមាណជា ៤០លានដុល្លារអាមេរិក ជួយទៅដល់ជនងាយរងគ្រោះពីជំងឺកូវីដ-១៩ និងអតិផរណានៅក្នុងសង្គម»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកផងដែរថា បណ្ដាមេដឹកនាំប្រទេសនានា ពេលដែលឡើងកាន់តំណែងប្រទេសគេអត់មានសង្គ្រាមទេ គេឡើងមកគេមានអ្វីៗគ្រប់យ៉ាង ដោយឡែកសម្រាប់កម្ពុជា ពេលសម្តេចឡើងកាន់តំណែងដឹកនាំប្រទេស តាំងពីប្រទេសមានសង្គ្រាម បាតដៃទទេរហូតដល់ការអភិវឌ្ឍដូចសព្វថ្ងៃ៕