(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។
ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរាជធានីភ្នំពេញចំនួន១៤ដងរួចមកហើយកាលពីឆ្នាំ២០១៧ និង២០១៨ ដោយមានកម្មករ កម្មការិនីចូលរួមជាង២១ម៉ឺននាក់។ បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៧, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣ និងដេរស្បែកជើងចំនួន១។
ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ល។ រាជរដ្ឋាភិបាល ដែលជាបេះដូងនៃប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគដ៏មានសក្តានុពល ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យមានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ផលិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។ ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់។
ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្តបានជោគជ័យ។ បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។ ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី១០ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១០លើក នេះ មានកម្មករ និយោជិតសរុបប្រមាណ ១៨ម៉ឺន ៣ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន៩លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ ១៥ម៉ឺន ៣ពាន់នាក់ទៀត។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់កម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ៕