(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថាទាហានរបស់ខ្លួនបានកម្ទេចរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួន ៧គ្រឿង និងរថពាសដែកប្រយុទ្ធអាមេរិក Bradley ៥គ្រឿង នារយៈពេល៤៨ម៉ោងចុងក្រោយនេះ អំឡុងវាយរុញច្រានការវាយប្រហារពីអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
បើតាមក្រសួងការពារជាតិរុស្ស៉ី ទាហានរុស្ស៉ីបានវាយរុញច្រានការវាយប្រហារជាច្រើនពីអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានមកនេះ នៅក្នុងទិសដៅធំៗចំនួន៣ ព្រមទាំងបានបំផ្លាញរថពាសដែក និងរថក្រោះជាច្រើនគ្រឿងរបស់អ៊ុយក្រែន ក្នុងតំបន់ Zaporizhzhia។ ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលជាច្រើនថ្ងៃមកនេះ កងកម្លាំងអ៊ុយក្រែនបន្តទទួលបរាជ័យ នៅក្នុងការវាយលុកក្នុងតំបន់ដូណេត ភាគខាងត្បូងនៃតំបន់ដូណេត និងតំបន់ Zaporizhzhia»។
ប៉ុន្តែ គេមិនទាន់អាចផ្ទៀងផ្ទាត់ការអះអាងរបស់រុស្ស៉ីបាននៅឡើយទេ ខណៈអ៊ុយក្រែនវិញក៏បានអះអាងពីការរីកចម្រើនទៅមុខ នៃប្រតិបត្តិការវាយបករបស់ខ្លួនដែរ។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទួលស្គាល់ថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បានចាប់ផ្ដើមហើយ ក្រោយប្រធានាធិបតីរុស្ស៉ី លោក ពូទីន និយាយថារុស្ស៉ីបានវាយរុញច្រានការវាយលុកពីទាហានអ៊ុយក្រែន៕