(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសម័យប្រជុំរបៀបវារៈចំនួនពីរ គឺ៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង ទី២ សេចក្ដីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ដោយមានវត្តមានសមាជិក-សមាជិកា ចូលរួមចំនួន ៩៩រូប។ ការរៀបចំសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិតស្នាមនានា ត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្ន័យអត្តសញ្ញាណបុគ្គល បណ្តុំទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។ ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕