(កូរ៉េខាងជើង)៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្ដេជ្ញាចាប់ដៃជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និង ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ លើគោលដៅរួមគ្នារបស់ប្រទេសទាំង២នៃការកសាងប្រទេសដ៏មានឥទ្ធិពល។លោក Kim បានប្ដេជ្ញាបែបនេះ នៅក្នុងសារមួយផ្ញើជូនលោក Putin ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យជាតិរបស់រុស្ស៊ី ដោយការពារការសម្រេចចិត្តរបស់លោកក្នុងការវាយលុកចូលអ៊ុយក្រែន និងបង្ហាញការគាំទ្រនិងសាមគ្គីភាពពេញទំហឹង។
លោក Kim បាននិយាយនៅក្នុងសារចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា យុត្តិធម៌ពិតជាឈ្នះ ហើយប្រជាជនរុស្ស៊ី នឹងបន្តទទួលបានកិត្តិយសសម្រាប់ប្រវត្តិសាស្ត្រនៃជ័យជម្នះ ។ សារដដែលនេះបានបន្ថែមថា លោក Kim បានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឲ្យកាន់តែជិតស្និទ្ធជាមួយទីក្រុង Moscow ដោយចាប់ពួតដៃគ្នាយ៉ាងណែន ជាមួយប្រធានាធិបតីរុស្ស៊ី អនុឡោមតាមបំណងប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីបំពេញគោលបំណងដ៏ធំនៃការកសាងប្រទេសប្រកបដោយឥទ្ធិពល។ កូរ៉េខាងជើង បានព្យាយាមបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្ររុស្ស៊ី បន្ទាប់ពីប្រទេសនេះ បានចូលលុកលុយក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានស្ដីបន្ទោសគោលនយោបាយ អនុត្តរភាពនិង ការលូកដៃចូលយ៉ាងជ្រៅរបស់សហរដ្ឋអាមេរិក និងលោកខាងលិច៕