(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព។ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ ៧០ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព ហើយកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចកងទ័ពកាន់តែមានប្រសិទ្ធភាព និងជាកងកម្លាំងដែលមានជំនាញវិជ្ជាជីវៈ ព្រមមានសមត្ថភាពពេញលេញ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេ ចំពោះការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហការរបស់អង្គភាពកងទ័ពនីមួយៗ ជាមួយស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅរួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា»។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តចំពោះការចូលរួមចំណែករបស់សប្បុរសជននានា ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ-អន្តរជាតិ ក្នុងការបន្តរួមចំណែកដោះស្រាយនូវរាល់ការលំបាកខ្វះខាត របស់កងកម្លាំងប្រដាប់អាវុធ៕