ខេត្តបាត់ដំបង ៖ រថយន្តពីរគ្រឿងបានបុកគ្នាពេញទំហឹង ពេលកំពុងព្យាយាមដណ្ដើមគ្នាបើកឆ្លងផ្លូវបំបែកជា៤ ត្រង់ចំណុចផ្លូវហាយវ៉េ (ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៧) ហើយរថយន្តមួយគ្រឿងបានហោះជ្រុលទៅបុកម៉ូតូ០៣គ្រឿងទៀត បណ្ដាលឲ្យមនុស្សរងរបួសជាច្រើននាក់ នៅវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី ១២ មិថុនា ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ផ្ដើមពីរថយន្តពីរគ្រឿងបានបុកគ្នា ពេលកំពុងព្យាយាមបើកឆ្លងកាត់ផ្លូវបែកជា៤ត្រង់ចំណុចខាងលើ ហើយរថយន្តមួយគ្រឿងក៏ជ្រុលហោះឡើងលើចិញ្ចើមថ្នល់ បន្ទាប់ពីបុកអ្នកជិះម៉ូតូ០៣គ្រឿង ដែលកំពុងឈប់រងចាំឆ្លងថ្នល់ ធ្វើឲ្យរបួសមនុស្សជាច្រើននាក់ ។រថយន្តមួយគ្រឿងម៉ាក TOYOTA RALLY ពណ៏.ស ពាក់ស្លាកលេខឧ.មានជ័យ 2C-9898 បើកបរដោយមន្ត្រីពេទ្យយោធាម្នាក់ ធ្វើដំណើរពីទិសខាងត្បូងទៅជើង ។ រីឯរថយន្តម៉ាក NISSAN ស្លាកលេខភ្នំពេញ 2V-3037 ធ្វើដំណើរទៅខាងលិចទៅកើត (កាត់ទទឹងគ្នា) ។បើតាមពិនិត្យលើស្លាកស្នាម គេឃើញរថយន្តនីស្សាន់ បានបើកឆ្លងផុតចំណុចកណ្ដាលទៅហើយ ក៏ត្រូវរថយន្តតូយ៉ូតា ដែលបើកលឿនមិនបន្ថយជើងសោះ បុកពេញទំហឹងចំពីចំហៀងផ្នែកខាងមុខរហូតធ្វើឲ្យរថយន្តនីស្សាន់វិលត្រឡប់បែរមុខទៅក្រោយវិញ ហើយរថយន្ត តូយ៉ូតា ក៏ជ្រុលទៅបុករះម៉ូតូ០៣គ្រឿងទៀតដែលឈប់រង់ចាំឆ្លងថ្នល់ហាយវ៉េ បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ និងស្រាល ។ គេមិនទាន់ស្គាល់ឈ្មោះអ្នកបើកបររថយន្តទាំងពីរភាគីភ្លាមៗទេនៅកន្លែងកើតហេតុ រីឯជនរងគ្រោះដែលជិះម៉ូតូទាំង០៣គ្រឿងនោះ ក៏គេមិនទាន់ស្គាល់ឈ្មោះដែរ តែមន្ត្រីចរាចរណ៏ដែលចុះអន្តរាគមន៏ បានប្រាប់ថា ក្នុងចំណោមជនរងគ្រោះដែលជិះម៉ូតូ មានម្នាក់រងរបួសធ្ងន់។មន្ត្រីចរាចរណ៍ហាក់ពុំទាន់ធ្វើការសន្និដ្ឋានយ៉ាងណាលើករណីនេះទេ ។ ប៉ុន្តែសាក្សីដែលស្ថិតក្នុងហេតុការណ៏ ហាក់បានដាក់បន្ទុកទៅលើ ភាគីរថយន្ត តូយូតា របស់មន្ត្រីពេទ្យយោធា ដែលបើកក្នុងល្បឿនលឿនហូសហេតុ មិនបន្ថយល្បឿនសោះ ពេលដល់ផ្លូវប្រសព្វជា៤ ទើបជ្រុលទៅបុករថយន្តភាគីម្ខាងទៀតដែលបើកឆ្លងថ្នល់ផុតចំណុចកណ្ដាលទៅហើយ ។ទោះយ៉ាងណា មន្ត្រីចរាចរណ៏ បាននាំយករថយន្តទាំង០២គ្រឿង និងម៉ូតូ០៣របស់ជនរងគ្រោះទៅកាន់ការិយាល័យជំនាញហើយ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕