ប៉ៃលិន៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ និងក្រុមការងារចុះជួយបក្សភូមិចំនួន ១៦ភូមិ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនៅក្នុងជួរបក្ស និងលើកកម្ពស់ស្មារតីសកម្មភាព ទាំងនយោបាយសតិអារម្មណ៍ និងចាត់តាំងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវបន្តខិតខំធ្វើសកម្មភាពឥតថមថយ ប្រកបដោយប្រសិទ្ធភាព ទាំងក្នុងការអនុវត្ត កម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយបន្តដោះស្រាយ និងព្យាយាមលុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការរក្សាកម្លាំងចាស់ និងពង្រីកកម្លាំងថ្មី ដែលគ្រប់អាយុបោះឆ្នោត ដើម្បីធានាបានមូលដ្ឋានរឹងមាំ និងសម្រេចគោលដៅរបស់បក្ស គឺយកប្រៀបឈ្នះការបោះឆ្នោត គ្រប់ៗអាណត្តិ ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ មានការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ និងបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច មានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិ នៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ សង្គាមនៅអ៊ុយក្រែនក៏ដោយ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្តថា៖ ដោយឡែកគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ ដែលមានលោកជំទាវ បាន ស្រីមុំ ជាប្រធាន នាពេលកន្លងបានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសក្រុមការងារគណបក្សគ្រប់ថ្នាក់ បានអនុវត្តនូវភារកិច្ចសំខាន់ៗជាច្រើន តាមសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ដើម្បីបន្តពង្រឹងការជឿជាក់ និងមានការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ,និង ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ និង ភូមិ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី