(ភ្នំពេញ)៖រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភជាលើកទី ២ ដល់កម្មករនិយោជិតចំនួន ៨ ៧៦២ នាក់ មកពី ២៦ រោងចក្រ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកល។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី ២ ដែលចេញផ្សាយកាលពីថ្ងៃទី ០៧ មិថុនានេះ បានឲ្យដឹងថា ចំពោះការបើកប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីងផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាស នាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន ៨១ ០០០ រៀល ស្មើនឹង ២០ ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី ៧ ថ្ងៃ ដល់ ១៤ ខែ។ ទឹកប្រាក់ ១៦២ ០០០ រៀល ស្មើនឹង ៤០ ដុល្លារអាមេរិក សម្រាប់ព្យួរការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ដោយត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ការបើកប្រាក់នេះគឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។ក្នុងករណីកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង ២៦ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់។ នេះជាលើកទី ២ ហើយ ដែលរាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកល ខណៈលើកទី ១ រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតសរុបចំនួន ៨ ៨៣១ នាក់ មកពី ១៩ រោងចក្រ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣៕