(អ៊ុយក្រែន)៖ ប្រទេសអ៊ុយក្រែនព្រមានថា រុស្ស៊ីអាចនឹងរៀបចំផែនការបំផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប បន្ទាប់ពីការផ្ទុះនៅទំនប់វារីអគ្គិសនីធំមួយ បានបង្កឲ្យមានការជន់លិចធំធេងក្នុងតំបន់ Kherson និងបង្កជាគ្រោះមហន្តរាយមនុស្សធម៌។ការផ្ទុះជាបន្តបន្ទាប់កាលពីថ្ងៃអង្គារទី៦ខែមិថុនា បានបណ្តាលឲ្យទំនប់ Nova Kahkovka ដ៏សំខាន់ ស្ថិតនៅតាមដងទន្លេ Dnipro បាក់ផ្នែកខ្លះ ហើយនាំឲ្យមានមហន្តរាយទឹកជំនន់។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចោទរុស្ស៊ីថា ជាអ្នកបំផ្ទុះគ្រាប់បែកបង្កការបំផ្លិចបំផ្លាញធំធេង។ លោកនិយាយថា ឧក្រិដ្ឋកម្មនេះ នាំមកនូវការគំរាមកំហែងយ៉ាងសម្បើម ហើយនឹងមានផលវិបាកធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងព្រមទាំងបរិស្ថាន ខណៈមន្ត្រីសន្តិសុខអាមេរិកព្រមានថា ទឹកជំនន់ ទំនងជាបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានដាក់ការស្តីបន្ទោសលើអ៊ុយក្រែនចំពោះការបំផ្ទុះនេះ ដោយអះអាងថា វាគឺជាការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីបង្វែរអារម្មណ៍ ពីប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ។
ប៉ុន្តែមន្ត្រីសន្តិសុខកំពូលរបស់លោក ហ្សេលេនស្គី គឺលោក អាឡិចស៊ីវ ដាញីឡូហ្វ បានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា ជំហានបន្ទាប់របស់លោកពូទីន គឺអាចជាការវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia តែម្តង។លោក ដាញីឡូហ្វ បានប្រាប់កាសែត Times ថា ចាប់តាំងពីប្រតិបត្តិការវាយលុករបស់លោកពូទីន ឈានចូលដំណាក់កាលថ្មី ហើយចាប់តាំងពីគាត់បានបំផ្ទុះរោងចក្រវារីអគ្គិសនីតាមចិត្តមក គាត់បានត្រៀមខ្លួនធ្វើគ្រប់យ៉ាង។ គួរបញ្ជាក់ថា មូលហេតុនៃការផ្ទុះទំនប់ក្នុងតំបន់ Kherson នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ថ្វីបើអ៊ុយក្រែនធ្លាប់ព្រមានកាលពីចុងឆ្នាំមុនថា កងកម្លាំងរុស្ស៊ី បានបង្កៃគ្រាប់មីននៅទំនប់នេះ ពេលដែលពួកគេបានដកចេញពីតំបន់ក៏ដោយ៕