ខេត្តព្រៃវែង ៖ រថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង ខណៈពេលកំពុងបើកសុខៗ ស្រាប់តែមានភ្លើងឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារត់មកជួយពន្លត់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៧ មិថុនា នៅលើកំណត់ផ្លូវជាតិលេខ 8A ត្រង់ចំណុចភូមិកំចាយមាយជើង ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
រថយន្តដែលត្រូវភ្លើងឆាបឆេះនេះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Q-៦៧០៨ ដែលមានម្ចាស់ឈ្មោះ នៅ សិទ្ធិ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិចំការចេក២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាំយ៉ុងខាងលើធ្វើបើកបរមកពីទិសខាងកើត ឆ្ពោះទៅលិចតែម្នាក់ឯង លុះពេលបើកមកដល់កន្លែងកើតហេតុសុខៗ ស្រាប់តែឃើញមានភ្លើងឆាបឆេះចេញពីក្បាលរថយន្ត ។ បន្ទាប់មកក៏ឆ្លងរាលដាលចូលក្នុងរថយន្ត ហើយភ្លាមនោះ អ្នកបើកបរបានឈប់រថយន្តនៅលើផ្លូវ និងស្រែកហៅអ្នកស្រុកឲ្យជួយ ។ ភ្លាមៗនោះដែរ អ្នកស្រុកដែលនៅក្បែរនោះក៏បានយកធុងដងទឹកជះពន្លត់ ប៉ុន្តែអណ្ដាតភ្លើងមិនរលត់ បែរជាឆេះកាន់តែខ្លាំងឆ្លងរាលដាលពេញរថយន្តទាំងមូល ទើបអ្នកស្រុករាយការណ៍ទៅសមត្ថកិច្ច នាំយករថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់។
សាក្សីដដែលនេះបានអះអាងថា ដោយមានការជួយបាញ់ទឹកពន្លត់ពីក្រុមឡានទឹកផង និងមេឃបានធ្លាក់ភ្លៀងមកយ៉ាងខ្លាំងផង ទើបប្រមាណជា១ម៉ោងក្រោយមក អណ្ដាតភ្លើងក៏ត្រូវបានពន្លត់ជាស្ថាពរ ប៉ុន្តែរថយន្តមួយគ្រឿងនេះមិនអាចជួយសង្គ្រោះបានទេ គឺត្រូវផ្លូវឆេះអស់ទាំងស្រុងនៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍អកុសលខាងលើនេះ មិនបានបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ គឺគ្រាន់តែឆេះខូចខាតរថយន្តនិងទំនិញខ្លះៗនៅក្នុងរថយន្តប៉ុណ្ណោះ ហើយក៏មិនបានបង្កផលប៉ះពាល់ទៅដល់អ្នកដទៃដែរ ៕