ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩នៅក្នុងប្រទេសថៃបានកើនឡើងកាលពីសប្តាហ៍មុននៅពេលអាជ្ញាធរសុខាភិបាលលើកទឹកចិត្តអោយនាំកុមារទៅចាក់វ៉ាក់សាំងការពារពួកគេកុំអោយឆ្លង។
វេជ្ជបណ្ឌិត តារ៉េស ក្រាសសាណាយរ៉ាវីវង់(Tares Krassanairawiwong)អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថាចាប់ពីថ្ងៃ២៨ឧសភាដល់៣មិថុនា មានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣.០៨៥នាក់ ដោយកើន៤ភាគរយពីមួយសប្តាហ៍មុននេះ។
ជាមធ្យម ថៃមានអ្នកឆ្លងកូវីដថ្មី៤៤០នាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន ដោយកើនពី៤២៤នាក់ក្នុងមួយថ្ងៃកាលពីមួយ សប្តាហ៍មួយទៀត។
ទោះជាយ៉ាងណាចំនួនអ្នកជំងឺរលាកសួតបានចុះពី៤២៥នាក់មកនៅ៤៨៦នាក់ ក្នុងនេះ២៤៣នាក់កំពុងដកដង្ហើមពីឧបករណ៍ជំនួយ តែក្នុងពេលជាមួយគ្នាចំនួនអ្នកស្លាប់ដោយកូវីដ១៩កើនឡើងដោយកាលពីមួយសប្តាហ៍កន្លងទៅមានអ្នកស្លាប់៦៨នាក់ កើនពី៤២នាក់ដែលត្រូវបានកត់ត្រាឃើញកាលពីមួយសប្តាហ៍មួយទៀត។
លោកវេជ្ជបណ្ឌិតបានអោយដឹងថា មនុស្សវ័យចាស់ដែលមានជំងឺប្រចាំរាងកាយ គួបផ្សំនឹងស្ត្រីមានផ្ទៃពោះ តំណាងអោយ៩៧ភាគរយនៃចំនួនស្លាប់ដោយកូវីដនៅមួយរយៈពេលចុងក្រោយនេះ។ពួកអ្នកស្លាប់ទាំងនេះក៏ពុំបានចាក់វ៉ាក់សាំងការពារគ្រប់គ្រាន់ដែរ។
លោកបានលើកទឹកចិត្តអោយប្រជាជនថៃនាំគ្នាចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីការពារកុំអោយធ្លាក់ខ្លួនឈឺធ្ងន់និងស្លាប់ក្នុងករណីពួកគេឆ្លងកូវីដ១៩៕