(ភ្នំពេញ)៖ ក្នុងនាមជាប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែជាជម្រើសដ៏ល្អរបស់ប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ។ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី០៧ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជន កាលពីឆ្នាំ២០២២ កន្លងទៅ ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា៖ «នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ លេខរៀងទី១៨ សញ្ញាទេវតាបាចផ្កា ហៅថា គណបក្សប្រជាជន ស្ថិតនៅក្នុងជម្រើសរបស់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ ក៏សង្ឃឹមដែរថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយសម្ដេចបានណែនាំកុំជឿតាមការឃោសនាទុច្ចរិករបស់ក្រុមប្រឆាំង ដែលហាមមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល ដោយហេតុថា មិនមានគណបក្សភ្លើងទៀន។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានបញ្ជាក់ ករណីចាំបាច់ណាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អាចនឹងស្នើមករាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចំពោះអ្នករារាំងដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងរក្សាបរិយាកាសនយោបាយអព្យាក្រឹត្យសម្រាប់ការបោះឆ្នោតមួយ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ហើយធានាថាដំណើរការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយមិនមានអំពើហឹង្សា ប្រជាធិបតេយ្យ យុត្តិធម៌ ក៏ដូចជាការគោរពសិទ្ធិជ្រើសរើសរបស់ប្រជាពលរដ្ឋ ផងដែរ៕