(ចិន)៖ ប្រទេសចិន ហើយនិងប្រទេសរុស្ស៊ីបានចូលរួមល្បាតតាមដែនអាកាសរួមគ្នាមួយកាលពីរសៀលថ្ងៃអង្គារនៅលើតំបន់ឈូងសមុទ្រប្រទេសជប៉ុន ហើយតំបន់ឈូងសមុទ្រចិនភាគខាងកើត ដែលកិច្ចការល្បាតតាមដែនអាកាសនេះធ្វើឡើងជាលើកទី៦ហើយចាប់តំាងពីឆ្នំា២០១៩នោះមក។ ដំណើរល្បាតតាមដែនអាកាសរួមគ្នារវាងចិន និងរុស្ស៊ីនេះបានជំរុញឱ្យប្រទេសកូរ៉េខាងត្បូងស្ថិតនៅក្បែរខាងដែនសមុទ្រជប៉ុនបានបញ្ចេញយន្តហោះចំបំាងប្រតិកម្មផងដែរ ស្របពេលក្រសួងការពារជាតិឯណោះបាននិយាយថា ការល្បាតតាមដែនអាកាសគឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការប្រចំារវាងប្រទេសទំាងពីរ។
ដោយឡែក បើយោងតាមមន្ត្រីយោធាកូរ៉េខាងត្បូងវិញបានលើកឡើងថា ការបញ្ចេញយន្តហោះចំបំាងនោះបានកើតមានឡើងបន្ទាប់ពីយន្តហោះយោធាចិន៤គ្រឿង និងយន្តហោះយោធារុស្ស៊ី៤គ្រឿងបានចូលមកក្នុងតំបន់ដែនអាកាសការពារជាតិរបស់ខ្លួននៅជ្រោយទក្ខិណទិស (ខាងត្បូង) និងតំបន់ភាគបូព៌ាកូរ៉េ។ កាលពីខែវិច្ឆិកាកន្លងទៅ នៅក្នុងដំណើរល្បាតតាមដដែនអាកាសរួមគ្នារវាងរុស្ស៊ី និងចិននេះ ប្រទេសកូរ៉េខាងត្បូងក៏បានបង្ហាញយន្តហោះចំបំាងដែរ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកប្រភេទ(H-6K)របស់ចិន ហើយនិងយន្តហោះទម្លាក់គ្រាប់បែកប្រភេទ(TU-95)របស់រុស្ស៊ី រួមទំាងប្រភេទយន្តហោះប្រតិកម្មចំបំាង(SU-35)បានហោះចូលក្នុងតំបន់សញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូងឬហៅកាត់ថា(KADIZ)។ រីឯប្រទេសជប៉ុនឯណោះវិញ ក៏បានបង្ហាញយន្តហោះប្រតិកម្មចំបំាងស្រដៀងគ្នានេះដែរ នៅពេលដែលយន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ីបានហោះចូលមកក្នុងដែនសមុទ្ររបស់ខ្លួន។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការល្បាតតាមដែនអាកាសរួមគ្នា បានចាប់ផ្តើមធ្វើឡើងនៅមុនពេលដែលរុស្ស៊ីបានបញ្ជូនកងយោធារបស់ខ្លួនចូលទៅក្នុងទឹកដីអ៊ុយក្រែន ខណៈដែលក្រុងម៉ូស្គូ និងក្រុងប៉េកំាងបានប្រកាសអំពីភាពជាដៃគូគ្មានដែនកំណត់ ដែលជាការពង្រីកនូវចំណងមិត្តភាពទ្វេភាគីរយៈពេលវែងលើការយល់ដឹងអំពីគ្នាទៅវិញទៅមកពីការគំរាមកំហែងរបស់អាម៉េរិក ហើយនិងក្រុមសម្ព័ន្ធមិត្តយោធាដទៃទៀត។ កាលពីខែឧសភា ឆ្នំា២០២២កន្លងទៅ យន្តហោះចំបាំងរុស្ស៊ី និងចិនបានធ្វើល្បាតរួមគ្នានៅក្បែរដែនអាកាសរបស់ជប៉ុន ដែលពេលនោះ ទីក្រុងតូក្យូធ្វើជាម្ចាស់នៃកិច្ចប្រជុំក្វដ(Quad) ជាមួយនឹងមេដឹកនំាអាម៉េរិក ឥណ្ឌា និងអូស្រ្តាលី៕