លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោម និងលាងឈាម បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ណែនាំថា ការលាងឈាម គឺជាការបន្សុទ្ធឈាមដែលដំណើរការដោយម៉ាស៊ីន វាមាននាទីបូមឈាមរបស់អ្នកជំងឺចេញមកក្រៅដើម្បីបន្សុទ្ធ រួចច្រោះចូលទៅក្នុងសារពាង្គកាយអ្នកជំងឺវិញប៉ុណ្ណោះ មិនមែនជាការប្ដូរឈាមចាស់បញ្ចូលឈាមថ្មីនោះទេ។
កន្លងមកធ្លាប់មានការភាន់ច្រឡំមួយចំនួន ទាក់ទងទៅនឹងការលាងឈាម ថាការលាងឈាមគឺជាផ្លាស់ឈាមចាស់ បញ្ចូលឈាមថ្មី វេជ្ជបណ្ឌិតឯកទេសរូបនេះពន្យល់ថា ការលាងឈាម គ្រាន់តែជាដំណើរការមួយ ក្នុងការទៅចម្រាញ់យកជាតិពុលផ្សេងៗ កាកសំណល់ផ្សេងៗ ឬក៏ជាតិទឹកដែលលើសនៅក្នុងខ្លួន បញ្ចេញចោលមកក្រៅសារពាង្គកាយប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ដំណើរការនៃការបន្សុតឈាមនេះ គ្រាន់ជាការប្រតិបត្តិការដោយម៉ាស៊ីន បូមឈាមរបស់អ្នកជំងឺចេញមកក្រៅដើម្បីបន្សុទ្ធ ហើយក៏ច្រោះចូលទៅក្នុងសារពាង្គកាយអ្នកជំងឺវិញ។
បើតាមលោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ជាទូទៅ ការលាងឈាម គឺធ្វើឡើងចំពោះតែអ្នកជំងឺណាដែលស្ថានភាព តម្រងនោមខ្សោយខ្លាំង មិនអាចដំណើរការប៉ុណ្ណោះ។ លោកថា បញ្ហានេះគឺច្រើនកើតមានចំពោះអ្នកដែលមានបញ្ហាតម្រងនោមរុំារៃ ជំងឺទឹកនោមប្រៃ ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមជាដើម ដោយសារថា តម្រងនោមរបស់អ្នកជំងឺទាំងនេះ គឺខ្សោយខ្លាំងឬខូចខាតតែម្តង ហេតុនេះហើយ ទាមទារឲ្យមានការលាងឈាមជាប្រចាំនិងទៀងទាត់៕