(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ព្រមានឲ្យមន្ត្រីមានអំណាច និងអ្នកធំមួយចំនួនដែលប្រើពលរដ្ឋឲ្យកាន់កាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដកខ្លួនចេញភ្លាម កុំអាងជិតបោះឆ្នោតមកដល់ នាំគ្នាធ្វើឲ្យមានបញ្ហា។ ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា ការកាប់ទន្ទ្រានយកដីរដ្ឋមិនមានតែប្រជាពលរដ្ឋនោះទេ គឺមានមន្ត្រី និងអ្នកធំនៅពីក្រោយផងដែរ ដោយពួកគេបានប្រើពលរដ្ឋឲ្យទៅកាប់ទន្ទ្រាន ហើយដាក់ឈ្មោះពលរដ្ឋ ដល់ចុងក្រោយគេយក ដូច្នេះសូមដកខ្លួន និងរុះរើចេញឲ្យឆាប់ភ្លាម។
«រាជរដ្ឋាភិបាលមានភារកិច្ចចាត់វិធានការរឿងនឹងដីធ្លីហ្នឹងដល់គេទៅដករុះរើចេញថា អយុត្តិធម៌ គណបក្សប្រជាជនគ្រប់គ្រងអយុត្តិធម៌ណាស់ តែយើងដឹងអ្នកណានៅពីក្រោយ ប៉ុន្តែមានពេលខ្លះមន្ត្រីអ្នកមានអំណាចមួយចំនួនក៏ទៅធ្វើរឿងហ្នឹងដែរ ហើយអ្នកមានលុយរបស់យើងមួយចំនួនក៏ទៅជួលមនុស្សទៅកាប់ដែរ រួចហើយ យកឈ្មោះទៅការពារ ហើយពេលរដ្ឋសម្បទានឲ្យដីហ្នឹងមិនបានទៅប្រជាជនទេ គឺបានទៅអ្នកមានលុយ»។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន សែន។ សម្តេចតេជោ គូសបញ្ជាក់ថា «ដីបើមានសម្បទានមិនបានទៅពលរដ្ឋទេ គឺបានលើមន្ត្រីមានលុយ អ៊ីចឹងកុំឲ្យកើតមាន ហើយមន្ត្រីនានា បើមានការពាក់ព័ន្ធក្នុងរឿងនេះ សូមកុំបន្ទោស ហ៊ុន សែន យើងមិនអាចទុករឿងហ្នឹងបានទេ រាប់ទាំងមន្ត្រីយោធា កងកម្លាំងនិងពាក់ព័ន្ធនានា រាប់ទាំងមន្ត្រីតុលាការផងដែរ។ ខ្ញុំមិនចាប់តុលាការទេ ខ្ញុំចាប់មន្ត្រីខិលខូចទេ ហើយឧទាហរណ៍ ចៅក្រមមួយរូបធ្វើបែបនេះនឹងត្រូវចាប់ខ្លួនភ្លាម! មិនចាប់ចៅក្រមទេ គឺចាប់អាមនុស្សយកដីខុសច្បាប់ ឬអ្នកចាប់ឈើខុសនោះទេ»។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានណែនាំឲ្យលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកទទួលបន្ទុកការចាប់ឈើខុសច្បាប់ត្រូវមើលករណីនេះ។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម អាជ្ញាធរមានសមត្ថកិច្ច នៅនឹងកន្លែង និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវមើលធ្វើកិច្ចការនោះឲ្យម៉ឺងម៉ាត់។ សម្តេចតេជោ ក៏បានបញ្ជាឲ្យរុះរើ និងចាត់វិធានការឲ្យហើយរួចដោយមិនចាំបាច់ដល់ពេលបោះឆ្នោតនោះទេ ហើយមន្ត្រីសង្គមស៊ីវិលណាចង់ថតឃោសនាអ្វីសូមអញ្ជើញ។ សម្ដេចថាការឃោសនានេះបង្ហាញគេបាន គាំទ្រការបំផ្លាញព្រៃឈើ ធនធានធម្មជាតិ ទន្ទ្រានយកដី ដែលតំបន់ការពារ ឬដីសហគមន៍ ឬចាប់ដីគេយើងត្រូវដោះស្រាយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើបែបនេះតិចលោថា នាយករដ្ឋមន្ត្រីដៃក្តៅ តែយើងត្រូវការពារសណ្តាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខស្ថិរភាពសង្គម។ ការធ្វើបែបនេះកុំឲ្យមានអ្នកថា រាជរដ្ឋាភិបាលថ្នមពួកគេ។ តែម្តងនេះ គឺចាត់វិធានការមុនបោះឆ្នោតតែម្តង។ សម្តេចតេជោ ក៏បានលើកឡើងថា ការរុះរើនេះមិនត្រូវប្រើអាវុធនោះទេ ហើយហ៊ានតដៃគឺចាប់ ដាក់ខ្នោះតែម្តង៕