(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់ រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានរំលឹកអំពីបទពិសោធន៍ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លង ដែលប្រទស កម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា “កម្ពុជាជាប្រទេសតូចមានបេះដូងធំទូលាយ” ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាពចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់កំលាំងសរុបរបស់ជាតិ នោះគឺការបង្កើត គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រដោយគណៈកម្មការ ចំនួន៤ រួមមាន៖
១/គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់គ្រងអនុគណៈកម្មការចំណុះចំនួន១១
២/គណៈ កម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩
៣/គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស និង
៤/ ២៥ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។ លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៦ រួមមាន បន្តទប់ស្កាត់ការនាំចូលវីរុស បំប្លែងថ្មី , កាត់បន្ថយទំហំដែលឆ្លង និងតំបន់ដែលឆ្លង ,ខិតខំរកវិធីព្យាបាលឱ្យឆាប់ជា – រុករក និងគ្រប់ គ្រង , ការចាត់ចែងនិងគ្រប់គ្រងសាកសព និង យុទ្ធនាការចាក់វ៉ាក់សាំង តាមអភិក្រមផ្ការីក ដែលកម្ពុជាអាច បើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មេរៀនបទពិសោធន៍ ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្ត ទុកដាក់ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់នៅរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ និយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ -១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវ័ន្ត ទោះបីជារាជធានីភ្នំពេញ និងទូទាំងប្រទេសបានរងនូវផលប៉ះពាល់ដោយ វិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតី បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាព ប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។
ថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់និងនៅលើសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រីថា តម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅ ពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួម ថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អ រវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធនានាក្នុងការទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលបានធ្វើឲ្យ ប៉ះពាល់ដល់សុខភាព និងអាយុជិវិតរបស់ប្រជាពលរដ្ឋ ដោយបង្ក្រាបបានជាអតិបរមានូវការលក់ឱសថក្លែងក្លាយ ការនាំចូលឱសថដែលពុំមានច្បាប់អនុញ្ញាត សេវាសុខាភិបាលខុសច្បាប់ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ សេវាសុខាភិបាលសាធារណៈកាន់តែមានទំនុកចិត្តពីប្រជាជន ហើយបានមកទទួលសេវា សម្រាលកូនមានការកើនឡើង ការពិគ្រោះ និងព្យាបាលជំងឺក៏មានសន្ទុះគួរឲ្យចាប់អារម្មណ៍ តែយើងក៏ត្រូវ តែខិតខំពង្រឹងបន្ថែមទៀត ជាពិសេសលើក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយផ្លែផ្កា៕