(កីឡាជាតិ)៖ កីឡាការិនីអត្តពលកម្មពិការកម្ពុជា វ៉ិត ចន្ថា បានត្រៀមប្រកួត៣វិញ្ញាសាក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
វិញ្ញាសាទាំង៣ដែលម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម២គ្រឿងត្រូវប្រកួតគឺ វិញ្ញាសាលោតចម្ងាយ វិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ និងវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ប៉ុន្តែកីឡាការិនីឆ្នើមរូបនេះផ្តោតសំខាន់លើវិញ្ញាសាលោតចម្ងាយ។វ៉ិត ចន្ថា បាននិយាយថា ៖«ការត្រៀមខ្លួនរបស់ខ្ញុំ៣វិញ្ញាសាហ្នឹងគឺហាត់ទាំងអស់ ប៉ុន្តែខ្ញុំបានផ្តោតលើវិញ្ញាសាមួយសំខាន់គឺវិញ្ញាសាលោតចម្ងាយ ពីព្រោះយើងមិនអាចធ្វើបានល្អឥតខ្ចោះទាំង៣វិញ្ញាសាទេ។ វិញ្ញាសានេះខ្ញុំល្អ ហើយត្រូវមានបច្ចេកទេសខ្លាំង ដូច្នេះត្រូវយកចិត្តទុកដាក់ខ្លាំង»។ «ខ្ញុំធ្លាប់ខ្លាំងវិញ្ញាសាលោតចម្ងាយ ដូច្នេះខ្ញុំត្រូវតែផ្តោតលើវិញ្ញាសាហ្នឹងឲ្យខ្លាំងមែនទែន។
កាលហ្វឹកហាត់លោតចម្ងាយមុនស៊ីហ្គេម ខ្ញុំធ្វើបានល្អមែនទែនគឺបំបែកកំណត់ត្រាចាស់ដាច់តែម្តង។ កាលអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី ខ្ញុំលោតបាន៤.២៩ម៉ែត្រ បានឈ្នះមេដាយមាស ប៉ុន្តែពេលហ្វឹកហាត់មុនស៊ីហ្គេម ខ្ញុំលោតបាន៤.៣០ម៉ែត្រ, ៤.៣១ម៉ែត្រ ពេលខ្លះបានដល់៤.៣២ម៉ែត្រថែមទៀត តែក្រោយពេលស៊ីហ្គេមប្រកួតនៅស្តាតអូឡាំពិក ខ្ញុំអត់មានកន្លែងហ្វឹកហាត់ត្រឹមត្រូវ អីចឹងអត់សូវបានលោតទេ ហើយជិតដល់ថ្ងៃប្រកួត»។ វ៉ិត ចន្ថា បានរៀបរាប់ សម្រាប់វិញ្ញាសាលោតចម្ងាយ វ៉ិត ចន្ថា បានឈ្នះប្រាក់ ក្នុងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧ ខណៈពេលនោះកីឡាការិនីឥណ្ឌូណេស៊ី Karisma Evi Tiarani បានឈ្នះមេដាយមាស ហើយនៅឆ្នាំ២០២២កន្លងទៅ កីឡាការិនីកម្ពុជាបានឈ្នះមេដាយមាសលើវិញ្ញាសាលោតចម្ងាយដដែលនេះ។
កាលអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧ សម្រាប់វិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រទទួលបានត្រឹមមេដាយសំរិទ្ធ ប៉ុន្តែឆ្នាំ២០២២នៅប្រទេសឥណ្ឌូណេស៊ី វ៉ិត ចន្ថា បានឈ្នះមេដាយមាស។ ចំពោះវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ ឆ្នាំ២០២២ វ៉ិត ចន្ថា បានឈ្នះមេដាយប្រាក់ ខណៈដៃគូស្វិតស្វាញ Karisma Evi Tiarani បានឈ្នះមេដាយមាស៕