រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់មន្ទីរពេទ្យព្រះកុសុមៈ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ស្ទើរទាំងស្រុង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យចុះធ្វើការអន្តរាគមន៍កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នេះ ត្រង់ចំណុចក្នុងមន្ទីរពេទ្យព្រះកុសុមៈ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលរស់នៅក្បែរមន្ទីរពេទ្យបានឃើញមានផ្សែងខ្មៅបានហុយចេញពីក្នុងបរិវេណមន្ទីរពេទ្យនៃផ្នែកខាងក្រោយដែលជាឃ្លាំងសម្រាប់ស្តុកសម្ភារៈប្រើប្រាស់ចាំរបស់មន្ទីរពេទ្យ ។ បន្ទាប់មក ប្រជាពលរដ្ឋក៏បានទៅប្រាប់សន្តិសុខក៏ដូចជាបុគ្គលិកបស់មន្ទីរពេទ្យ រួចសន្តិសុខនិងបុគ្គលិកមន្ទីរពេទ្យក៏បានទៅមើលក៏ស្រាប់តែឃើញមានអណ្ដាតភ្លើងបានកំពុងឆាបឆេះសម្ភារៈនៅខាងក្នុងយ៉ាងសន្ធោសន្ធៅ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ដោយស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់បាន បុគ្គលិកមន្ទីរពេទ្យក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យឲ្យចុះមកធ្វើការអន្តរាគមន៍។ បន្តិចមកក៏មានសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់អណ្ដាតភ្លើង ដោយប្រើប្រាស់ទឹកអស់ជាច្រើនរថយន្តទើបអាចរលត់ជាស្ថាពរ។ចំពោះហេតុការណ៍អគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យឆាបឆេះរាលដាលនោះទេ គឺឆាបឆេះតែឃ្លាំងថ្មប្រក់ក្បឿង បណ្តាលឲ្យសម្ភារៈនៅខាងក្នុងដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់មន្ទីរពេទ្យបានខូចខាតអស់ស្ទើរទាំងស្រុង។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ៕