រាជធានីភ្នំពេញ ៖ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀ.នបានបង្ហើបឲ្យដឹងថា សារធាតុញៀ.នជាង៥គីឡូក្រាម បានលោតឆត្រឆ្លងដែនពីប្រទេសអេស្ប៉ាញ មកជាប់អន្ទាក់របស់សមត្តកិច្ចកម្ពុជា តាមរយៈបញ្ញើប្រៃសណីយ៍វត្តភ្នំ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ដែលទៅទទួលយកកញ្ចប់បញ្ញើនោះ ។
ដោយអនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀ.ន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀ.ន ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩ ព្រឹក កម្លាំងការិយាល័យរដ្ឋបាលសរុប (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ សហការជាមួយឯកឧត្តម ស៊ឹម ធី អគ្គនាយករងប្រៃសណីយ៍កម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវិរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងសមត្ថកិច្ច គយប្រចាំការនៅប្រៃសណីយ៍ ក្រោមការសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀ.នឆ្លងដែន តាមរយ:កញ្ចប់បញ្ញើ នៅចំណុចប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា (វត្តភ្នំ) និងនៅចំណុចបន្ទប់លេខ B1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស អាយុ៣៩ ឆ្នាំ ជាជនជាតិវៀតណាម ។ និងចាប់យកវត្ថុតាងគ្រឿងញៀ.នរួមមាន ៖
១-សារធាតុញៀ.នប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៤.២១២ ក្រាម (៤គីឡូ និង២១២ក្រាម)
២-សារធាតុញៀ.នប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១.០១៨ ក្រាម (១គីឡូ និង០១៨ក្រាម) ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕