(រុស្សី)៖ អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយថា យន្តហោះដ្រូនបានវាយប្រហាររដ្ឋធានីរុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារទី៣០ខែឧសភា (ពេលវេលានៅរុស្ស៊ី) ដោយបានបំផ្លាញអគារជាច្រើន។ស្របពេលជាមួយគ្នានោះ លោក Sobyanin បានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋ ចេញពីប្លុកផ្ទះល្វែងចំនួនពីរដែលត្រូវបានកំណត់គោលដៅ។
ដោយដកស្រង់ទិន្នន័យពីសេវាវេជ្ជសាស្ត្រក្រុង លោកអភិបាលបានគូសបញ្ជាក់ថា សម្រាប់អ្នកដែលរស់នៅក្នុងអគាររងការវាយប្រហារដោយយន្តហោះដ្រូន គឺគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ លោកបន្ថែមថា មនុស្សពីរនាក់បានស្នើសុំជំនួយនៅកន្លែងកើតហេតុ ប៉ុន្តែគ្មានអ្នកណាម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះទេ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ក្រុងម្នាក់ទៀតឈ្មោះ Andrey Vorobyov បានសរសេរនៅលើ Telegram ថា “យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ខណៈពួកគេកំពុងហោះហើរឆ្ពោះទៅទីក្រុង”។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកពីរគ្រឿង របស់អ៊ុយក្រែន បានប៉ុនប៉ងវាយប្រហារវិមានក្រឹមឡាំងកាលពីដើមខែនេះ។ ទីក្រុងមូស្គូ បានចោទប្រកាន់ទីក្រុងគៀវ ពីបទប៉ុនប៉ងធ្វើឃាតលោក ពូទីន និងបានប្តេជ្ញាសងសឹក។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ បានបដិសេធទទួលខុសត្រូវ ហើយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយថា “យើងមិនបានវាយប្រហារលោក Putin ឬក្រុងមូស្គូឡើយ”៕