(តួកគី)៖ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូល របស់ប្រទេសតួកគី បានប្រកាសថា លោកប្រធានាធិបតី Recep Tayyip Erdogan ទទួលបានអាណត្តិទី៣ បន្ទាប់ពីយកឈ្នះលោក Kemal Kilicdaroglu ក្នុងការបោះឆ្នោតជុំទី២។ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូល លោក Ahmet Yener បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យទី២៨ខែឧសភាថា លោក Erdogan ទទួលបានសំឡេងឆ្នោត៥២,១៤% ខណៈលោក Kilicdaroglu ទទួលបានត្រឹម ៤៧,៨៦%។
លោក Erdogan បានយកឈ្នះគូប្រជែងរបស់គាត់ ដោយសំឡេងគាំទ្រប្រហែល២.២លានសំឡេង។ នេះគឺជាការបោះឆ្នោតលើកទី២ ក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោក Erdogan ឈរនៅទីកំពូលក្នុងអំឡុងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី១៤ខែឧសភា ប៉ុន្តែមិនទទួលបានសំឡេងគាំទ្រ ៥០% ដែលចាំបាច់ដើម្បីចៀសវាងការបោះឆ្នោតជុំទី២នោះទេ។ទោះបីជាយ៉ាងណាក៏ដោយ លោក Kilicdaroglu មិនទាន់ទទួលស្គាល់បរាជ័យឡើយ ហើយបានប្រាប់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យថា លោកពិតជាខកចិត្តណាស់ ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ហើយនឹងបន្តតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នាពេលអនាគត។ គួរបញ្ជាក់ថា លោក Erdogan បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៤មក។
លោកគឺជាអ្នកអភិរក្សសង្គមដែលបានដឹកនាំប្រទេសតួកគី ឲ្យនៅឆ្ងាយពីការធ្វើសមាហរណកម្មជាមួយសហភាពអឺរ៉ុប ហើយពង្រឹងអំណាចផ្ទាល់ខ្លួននិងលើកកម្ពស់គោលនយោបាយឥស្លាមនិយមនៅក្នុងប្រទេស។ លោកបានបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីនិងចិន ហើយបានរក្សាជំហរ ជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់ជម្លោះក្នុងតំបន់ រួមទាំងនៅអ៊ុយក្រែនផងដែរ៕