(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់(Sinovac) ចំនួន១លានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូស និងស៊ីរ៉ាំង ចំនួន១លាន សម្រាប់ចាក់វ៉ាក់សាំង ត្រូវដឹកជញ្ជូនតាមជើងយន្តហោះ យកទៅប្រគល់ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP ថា ថ្ងៃនេះក្រោយពីទទួលបញ្ជាផ្ទាល់របស់សម្តេចតេជោ បានឲ្យក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូកម្ពុជា រួមមានឯកឧត្តម តំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីចំនួន៤រូប រៀបចំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស និងស៊ីរ៉ាំង ចំនួន១លានដើម យកទៅប្រគល់ជូនមីយ៉ាន់ម៉ា ដែលជាប្រទេសស្ថិតក្នុងតំបន់ និងមិនមែនជាលើកទី១ នោះទេ ដែលកម្ពុជា យកទៅប្រគល់ជូនមីយ៉ាន់ម៉ា គឺជាលើកទី៤ហើយ ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ ដែលមានឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល មីយ៉ាន់ម៉ា អញ្ជើញមកទទួលវ៉ាក់សាំង រួមនឹងសហការី។
សូមរំលឹកផងដែរថា កាលពីដើមខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានផ្តល់ជំនួយជូនមីយ៉ាន់ម៉ា រួមមាន៖ ម៉ាស់ ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វ៉ែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារ សុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីន តាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្តល់អុកស៊ីសែន ស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។ ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនប្រទេសសមាជិកអាស៊ាននេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសជិតខាងគ្នា ដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀត សម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កម្ពុជា នឹងបន្តចែករំលែកសាមគ្គីភាពរវាងប្រទេស ដែលជាសមាជិកអាស៊ាន ទាំងការងារ និងយុទ្ធសាស្រ្តក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តផងដែរ៕