(ឧត្តមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទស្សនកិច្ចបណ្តុំអាជីវកម្មត្រសក់ផ្អែម ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានសំណេះសំណាលជាមួយបងប្អូនកសិករនៃបណ្តុំអាជីវកម្មត្រសក់ផ្អែម និងបានណែនាំឱ្យមានសិក្សាបន្ថែមទាំងបច្ចេកទេស និងទីផ្សារ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។
ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារ ដោយមានការពិនិត្យ តាមដាន និងវាយតម្លៃ តាមជាក់ស្តែង ដើម្បីប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីថ្លែងថា កសិករអ្នកដាំ ត្រូវធ្វើយ៉ាងណាឱ្យការចំណាយផលិតកម្មតិច លក់បានច្រើន កើនចំណូល មានចំណេញ។ ទាក់ទងនឹងការងារនេះ ក្រសួង នឹងជួយធ្វើឱ្យមានទីផ្សារល្អ ជំរុញការស្រាវជ្រាវបង្កើតនិងបង្កាត់ពូជត្រសក់ផ្អែមឱ្យក្លាយជាពូជក្នុងស្រុក ជារបស់ខ្មែរ ហើយមានតម្លៃពូជធូរថ្លៃ។ ដូច្នេះកសិករត្រូវយកចិត្តទុកដាក់ដាំដុះឱ្យបានល្អបំផុតតាមការអនុវត្តកសិកម្មល្អ (GAP) ដាក់ចិត្តដាក់កាយដាំដុះឱ្យចេញជាលទ្ធផលនិងផ្សព្វផ្សាយឱ្យគេស្គាល់ផលិតផល។
សូមបញ្ជាក់ថា បច្ចុប្បន្ន ត្រសក់ផ្អែមមានតម្លៃ ៣.៥០០រៀល ក្នុងមួយគីឡូក្រាម ហើយឪឡឹកមានតម្លៃចន្លោះពី ៨០០-១០០០រៀល ក្នុងមួយគីឡូក្រាម៕