(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ ជាថ្ងៃចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត។ ការកំណត់បែបនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣នេះ។សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ជាលទ្ធផលកិច្ចប្រជុំ បានឯកភាពផែនការ និងចំណាត់ការសម្រាប់ពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមផែនការ និងចំណាត់ការខាងលើ អង្គប្រជុំ គ.ជ.ប បានសម្រេចយកថ្ងៃចន្ទ ទី ២៩ ខែឧសភា ឆ្នាំ ២០២៣ ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត។កម្មវិធីនេះ នឹងធ្វើនៅទីស្តីការ គ.ជ.ប ដោយមានការនិមន្ត យាងសម្ដេចសង្ឃរាជទាំងពីរគណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្ស នយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ទៀត។កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានឲ្យដឹងថា ផ្អែកតាមលទ្ធផលបណ្ដោះអាសន្ន នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយចំនួន ១៨ និងបានសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន ២៕