(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសបដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពីគណបក្សទាំងពីរត្រូវបាន គ.ជ.ប បដិសេធមិនឲ្យចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយចំនួនពីរនោះ ធ្វើឡើងយោងតាមបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពី គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
យ៉ាងណាមិញក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយកាលពីពេលកន្លងទៅ គ.ជ.ប បានប្រកាសទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ ដែលបានបំពេញគ្រប់លក្ខខណ្ឌ លើកលែងតែគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ ដែលមិនបានបំពេញទៅតាមនីតិវិធីច្បាប់ ស្តីពីការចុះបញ្ជីគណបក្សនយោបាយ៕