(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួង បានត្រៀមអ្នកបច្ចេកទេសរួចហើយ ដើម្បីចុះជួយប្រជាពលរដ្ឋលើការដាំដុះដំណាំកៅស៊ូឲ្យស្របតាមលក្ខណៈបច្ចេកទេស លើកកម្ពស់ទិន្នផលជ័រកៅស៊ូឲ្យកាន់តែមានគុណភាពស្របទៅតាមស្តង់ដារទីផ្សារ។នៅក្នុងឱកាសចុះធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការផលិតកម្មកៅស៊ូ និងសិក្សាលើគុណភាពជ័រ និងប្រភេទចំណាត់ថ្នាក់កៅស៊ូរបស់ក្រុមហ៊ុនស្វីហ្វរ៉ាប់បឺរ ស្ថិតនៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី ២៤ ឧសភា លោករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំធ្វើយ៉ាងណាបង្កើនការផលិតទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតម្រូវការទាំងទីផ្សារក្នុងស្រុក និងទាំងសម្រាប់ការនាំចេញទៅកាន់ទីផ្សារខាងក្រៅ។លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីពង្រឹងទៅលើការដាំដុះដំណាំកៅស៊ូដល់កសិករ ក្រសួង ក៏បានត្រៀមអ្នកបច្ចេកទេសរួចជាស្រេចក្នុងការចុះជួយលើការងារបច្ចេកទេសដាំដុះដំណាំកៅស៊ូសម្រាប់ប្រជាពលរដ្ឋ ដើម្បីឲ្យការដាំដុះដំណាំកៅស៊ូនោះបានស្របតាមលក្ខណៈបច្ចេកទេសឲ្យទទួលបានទិន្នផលខ្ពស់ ហើយជ័រកៅស៊ូដែលប្រមូលបានក៏មានគុណភាពទៅតាមស្តង់ដារទីផ្សារផងដែរ។នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់អភិបាលខេត្តរតនគិរី ឲ្យជួយសម្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗ និងចូលរួមជំរុញផលិតកម្មកៅស៊ូឲ្យគ្រប់តាមតម្រូវការរោងចក្រ តាមរយៈការកៀរគរឲ្យពលរដ្ឋលក់កៅស៊ូមករោងចក្រ ដើម្បីធានានូវនិន្តរភាពខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ ក្នុងការរួមចំណែកធ្វើឲ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែមានការរីកលូតលាស់ថែមទៀត។លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីសម្រាប់វិស័យកសិកម្ម ព្រោះមានតម្លៃទាប ដែលនឹងជួយកាត់បន្ថយចំណាយក្នុងផលិតកម្ម បង្កើនចំណូល មានចំណេញ និងប្រសិទ្ធភាពសេដ្ឋកិច្ច។គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែឧសភា កន្លងទៅថ្មីៗនេះ កម្ពុជា បានសម្ពោធរោងចក្រផលិតកង់រថយន្តមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បោះទុនវិនិយោគ ៣០០ លានដុល្លារអាមេរិក ហើយរោងចក្រនេះមានតម្រូវការវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុកប្រមាណជិត ៥ ពាន់តោន ក្នុងមួយឆ្នាំ ដើម្បីបំពេញឲ្យខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ខណៈក្នុងមួយឆ្នាំរោងចក្រនេះមានសមត្ថភាពអាចផលិតសំបកកង់រថយន្តបានប្រមាណ ជិត ១ លាន ៣ សែនសំបកកង់ និងផ្ដល់ការងារដល់កម្មករនិយោជិតប្រមាណ ១១៥០ នាក់៕