(រុស្សី)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា អង្គការណាតូនៅតែរឹងចចេសមិនព្រមទទួលស្គាល់ការពិតអំពីសេណារីយ៉ូដែលថា អង្គនេះមួយនេះកំពុងបញ្ឆេះសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាកំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះអាវុធនុយក្លេអ៊ែរនោះទេ ។លោក Medvedev បានប្រាប់សារព័ត៌មាន RT នៅក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើអាមេរិក និងណាតូពិតជាទទួលស្គាល់រឿងរ៉ាវទាំងនេះមែននោះ ពួកគេក៏មិនផ្ដល់អាវុធដ៏គ្រោះថ្នាក់ដល់អ៊ុយក្រែននោះដែរ ដោយសារពួកគេជឿថា ជម្លោះ ឬវិបត្តិនុយក្លេអ៊ែរណាមួយ គឺមិនអាចទៅរួចនោះទេ ប៉ុន្តែការគិតនេះគឺខុសហើយ” ។
អតីតប្រធានាធិបតីរូបនេះនិយាយទៀតថា ចំណុចខ្លះយើងមិនអាចធ្វើតាមសេណារីយ៉ូដែលគិតទុកជាមុនបាននោះទេ ហើយមិនមានប្រទេសណានៅលោកខាងលិចដែលរុស្ស៊ីអាចចរចាជាមួយ ដើម្បីបញ្ចៀសការផ្ទុះឡើងដ៏គ្រោះថ្នាក់ណាមួយនៅអ៊ុយក្រែននោះទេ ។លោក Medvedev បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូមិនចង់បានសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើយ ពួកគេចង់បានតែការប្រឈមមុខដាក់គ្នាតែមួយប៉ុណ្ណោះ ហើយពួកគេកំពុងរិះរកគ្រប់មធ្យោបាយដើម្បីរំលោភលើប្រទេសរបស់យើង ។
ជាចុងក្រោយលោក Medvedev បញ្ជាក់ថា អាមេរិក និងអង្គការណាតូកំពុងរឹតត្បិត និងដាក់ទណ្ឌកម្មលើរុស្ស៊ី ដូចពួកគេកំពុងធ្វើដាក់ចិនដូចគ្នាដែរ ប៉ុន្តែលោកសូមផ្ដាំទៅវិញថា វានឹងមិនអាចទៅរួចនោះទេ ហើយរុស្ស៊ីក៏មិនអនុញ្ញាតឲ្យរឿងនេះកើតឡើងផងដែរ ៕