រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា មានភូមិគ្រឹះមួយកន្លែងដែលតាមគេដឹងគឺជារបស់ឧត្តមសេនីយ៍យោធា និងជាថៅកែលក់ពូកសុខភាពចាស្មុីន(JASMINE) ត្រូវបានអគ្គឆាបឆេះសន្ធោរសន្ធៅ ព្រមទាំងមានផ្សែងហុយយ៉ាងឃ្មួលខ្មាញ់ ខណៈកំពុងសាងសង់ពុំទាន់រួចរាល់នៅឡើយ។ ខណៈមូលហេតុនាំឲ្យមានការឆាបឆេះខាងលើនេះពុំទាន់ដឹងប្រាកដនៅឡើយទេ គឺប្រភពខ្លះបានដាក់ការសង្ស័យថាអាចផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ។ ចំណែកឯខ្លះទៀតបានដាក់ការសង្ស័យថា បណ្ដាលមកពីកម្ទេចផ្កាភ្លើងដែលជាងផ្សាដែកធ្លាក់លើអីវ៉ាន់ខាងក្រោមដូចជាទឹកថ្នាំសូឡិច និងឈើជាដើម ទើបបណ្ដាលឲ្យមានការឆាបឆេះតែម្ដង ប៉ុន្តែទោះជាបែបណាសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅពុំទាន់ដឹងថាភូមិគ្រឹះដែលត្រូវភ្លើងឆេះនេះមានទំហំប៉ុន្មាន ហើយមានម្ចាស់ឈ្មោះអ្វីនៅឡើយទេ គ្រាន់តែដឹងថាសាងសង់ពុំទាន់រួចរាល់នោះទេ ហើយម្ចាស់ភូមិគ្រឹះនេះជាឧត្តមសេនីយ៍យោធា និងមានមុខរបរជាអ្នកលក់ពូកសុខភាពចាស្មុីន(JASMINE) ផងដែរ ។ នៅមុនពេលកើតហេតុ ខណៈដែលក្រុមជាងកំពុងធ្វើការសាងសង់ ស្រាប់តែមានការឆាបឆេះឡើងនៅជាន់ទី២នៃភូមិគ្រឹះ បង្កជាអណ្ដាតភ្លើងសន្ធោសន្ធៅនិងផ្សែងឃ្មួលខ្មាញ់។តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រុមជាងបាននាំគ្នារត់ចុះតាមជណ្ដើរដោយសុវត្ថិភាព ប៉ុន្តែនៅពុំទាន់មានដំណឹងថាអាចមានអ្នកគ្រោះថ្នាក់ដែរឬនៅឡើយទេ ។ ចំណែកមូលហតុនៃការឆាបឆេះក៏ពុំទាន់ដឹងច្បាស់ដែរ ដោយប្រភពខ្លះសង្ស័យថាឆ្លងចរន្តអគ្គិសនី រីឯខ្លះទៀតសង្ស័យថា បណ្ដាលមកពីកម្ទេចផ្កាភ្លើងដែលជាងផ្សាដែកធ្លាក់លើអីវ៉ាន់ខាងក្រោម ប៉ុន្តែទោះជាបែបណាសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
តាមប្រភពខាងលើបានប្រាប់បន្ថែមទៀតថា ក្រោយពេលមានហេតុការណ៍បែបនេះ មានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ពន្លត់ភ្លើង ប៉ុន្តែលំបាកពន្លត់បន្តិចព្រោះឆេះនៅទីខ្ពស់។