(រុស្សី)៖លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin បានថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនអាចនឹងឈានដល់កម្រិតកំណត់ត្រាថ្មីចំនួន ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ ស្របពេលដែលទីក្រុងមូស្គូប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើងពីលោកខាងលិច ។ប្រទេសរុស្ស៊ីបានរងការវាយប្រហារដោយទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗពីសំណាក់លោកខាងលិច ចាប់តាំងពីបើកការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក ។ ប៉ុន្តែប្រទេសចិន ដែលជាមិត្តគ្មានដែនកំណត់របស់រុស្ស៊ីនោះ បានធ្វើឲ្យវិមានក្រឹមឡាំងមានជីវិតសេដ្ឋកិច្ចឡើងវិញ ដោយកាត់បន្ថយឥទ្ធិពលនៃការបណ្តេញចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ។
កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបាន ១៩០ ពាន់លានដុល្លារដែលភាគច្រើនត្រូវបានជំរុញដោយចិនទិញថាមពលពីរុស្ស៊ី ខណៈ ៤ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មប្រទេសទាំងពីរក៏បន្តកើនឡើងដល់ ៤១ ភាគរយផងដែរ ។លោក Mishustin បាននិយាយនៅឯវេទិកាធុរកិច្ចចិន-រុស្ស៊ីនៅទីក្រុងសៀងហៃកាលពីថ្ងៃអង្គារថា ឆ្នាំនេះមេដឹកនាំប្រទេសទាំងពីរនឹងអាចសម្រេចបាននូវគោលដៅតាមការកំណត់ ហើយនិងនាំមកនូវពាណិជ្ជកម្មសរុបដល់ ២០០ ពាន់លានដុល្លារ ។ ចំពោះការសម្រេចបាននេះ នឹងមានរយៈពេលមួយឆ្នាំ ពោលលឿនជាងកាលកំណត់ដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំចិន ស៊ី ជីនពីង ក្នុងឆ្នាំ ២០១៩ ។
តែទោះជាយ៉ាងណា លោក Mishustin បញ្ជាក់ថា កិច្ចសហប្រតិបត្តិការថាមពលជាមួយប្រទេសចិន នៅតែជា អាទិភាពចម្បងដាច់ខាតរបស់រុស្ស៊ី ។ក្រៅពីនេះ រុស្ស៊ី និងចិនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង Power-of-Siberia 2 ដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីបន្ថែមទៀតទៅកាន់ប្រទេសចិនតាមរយៈប្រទេសម៉ុងហ្គោលី ។ ទោះគម្រោងនេះមិនទាន់បញ្ចប់នៅឡើយក្ដី ប៉ុន្តែលោក ពូទីន បាននិយាយកាលពីខែមីនាថា ប្រទេសទាំងបីបានបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ស្តីពីបំពង់បង្ហូរប្រេង ហើយរុស្ស៊ីនឹងបញ្ជូនឧស្ម័នយ៉ាងហោចណាស់ ៩៨ ពាន់លានម៉ែត្រគូបទៅប្រទេសចិននៅឆ្នាំ ២០៣០ ៕