(ព្រះសីហនុ)៖ នៅព្រឹកព្រលឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅអគារស្នាក់នៅប៉ឡាយ ជាន់ទី៧ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះ។ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្រោយទទួលបានព័ត៌មាននេះ បានដឹកនាំកម្លាំងជំនាញដោយផ្ទាល់ចុះអន្ដរាគមន៍នៅកន្លែងកើតហេតុ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៧គ្រឿង ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង, កងរាជអាវុធហត្ថខេត្ត ចំនួន២គ្រឿង, រថយន្តអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ ចំនួន១គ្រឿង និងអង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន១គ្រឿង សរុបប្រើប្រាស់ទឺកអស់៦ឡាន ទើបរលត់ទាំងស្រុង។ក្នុងហេតុការណ៍អគ្គិភ័យនេះ បានខូចខាតសម្ភារ និងបន្ទប់ស្នាក់នៅអគារជាន់ទី៧ ទាំងស្រុង តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ដោយឡែក សម្រាប់មូលហេតុវិញ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕