ខេត្តសៀមរាប ៖ ប្រាសាទ «អកយំ» គឺជាប្រាសាទបុរាណដែលដូនតាបានបន្សល់ជាយូរយាណាស់មកហើយ ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានស្វែងយល់។ ប្រាសាទ «អកយំ» នេះ មានទីតាំងស្ថិតនៅលើខ្នងបារាយណ៍ទឹកថ្លាខាងលិច នៅពីខាងត្បូងផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទ «អកយំ» កសាងឡើងក្នុងសតវត្សរ៍ទី៧ និងទី៩ ក្នុងរាជព្រះបាទភវវរ្ម័នទី១។
ប្រាសាទ «អកយំ» នេះ គឺមាន៣ជាន់ មានប្រាង្គចំនួន១២ និងព័ទ្ធដោយកំពែង ជញ្ជាំងធ្វើអំពីឥដ្ឋទំហំ១០០មែត្រ៤ជ្រុង ស្ថិតនៅក្នុងរចនាបថព្រៃក្មេង។
ប្រាសាទ «អកយំ» គឺជាប្រាសាទភ្នំធ្វើពីឥដ្ឋ រាងពីរ៉ាមីតដ៏ធំមុនសម័យអង្គរ ជាសំណង់ឧទ្ទិសចំពោះព្រះគម្ពីរ រេស្វរៈ ដែលមាន ន័យថា ព្រះអាទិទេព ដែលមានសូរសៀងដ៏ជ្រាលជ្រៅមិនអាចវាស់វែងបាន ជាកម្លាំង និងយានមិនអាចថ្លឹងថ្លែងបាន គឺសំដៅព្រះសិវ ដែលគេបូជានៅទីនោះ ក៏ដូចនៅទីក្រុងឥសានបុរៈ ឬសំបូរព្រៃគុកផងដែរ៕