ប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៣០៥គ្រួសារ រស់នៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ ដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចទាំងទ្វេរ ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ ហើយចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិច ឱ្យបាន៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺ សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព នៅជិតបំផុត ឱ្យបានទាន់ពេលវេលា កុំបង្អង់យូរ ដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមអោយយកចិត្តទុកដាក់អំពីសុវត្ថិភាព ក្នុងការធ្វើដំណើរលើដងផ្លូវ ជៀសវាងមានករណីគ្រោះថ្នាក់ចរាចរណ៍កើងឡើងជាយថាហេតុ ព្រោះថាសម័យកាលមុន មានបងប្អូនយើងជាច្រើន បានរងគ្រោះ ស្លាប់ និងធ្លាក់ខ្លួនពិការ ដោយសារសង្គា្រម តែបច្ចុប្បន្ននេះ យើងបានរស់នៅក្រោមម្លប់ដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង អោយបាត់បង់អាយុជីវិត ឬក្លាយខ្លួនទៅជាជនពិការ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពីព្រោះរដូវនេះ ជារដូវមានភ្លៀងធ្លាក់ និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៣០៥គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី ១យួ ត្រីខ ១យួ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី