(ភ្នំពេញ)៖ នៅពេលដែលច្បាប់ ស្ដីពី វិធានដើមកំណើតទំនិញ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ នឹងជួយឲ្យប្រទេសកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ច ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយបានបន្តពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិធានដើមកំណើតទំនិញ។ គោលបំណងនៃសេចក្ដីព្រាងច្បាប់នេះ គឺដើម្បីកំណត់អំពីគោលការណ៍ និងវិធាន ស្ដីពី ដើមកំណើតនៃទំនិញនាំចេញ-ទំនិញនាំចូល ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ដូចជា៖ កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
– ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញ។
– ជួយឲ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
– ជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។
– ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថាទំនិញនាំចេញពីកម្ពុជាគឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
– តាមរយៈយន្តការនានាក្នុងច្បាប់នេះ នឹងជួយឲ្យកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ច ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ។
– ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពសង្គម។
សេចក្ដីព្រាងច្បាប់ ស្ដីពី វិធានដើមកំណើតទំនិញ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា៕