(ភ្នំពេញ)៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយតម្រូវ ឲ្យគណបក្សនយោបាយទាំងអស់ ត្រូវតែការកំណត់ទម្រង់ និងទំហំនៃការហក្បួនឃោសនាបោះឆ្នោត ឬក្បួនដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតក្នុងរាជធានី/ខេត្ត។ចំពោះការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានកំណត់ទម្រង់ មានការរៀបចំជាក្បួន មានបិទបដា ឬពាក្យស្លោក ឬក៏សារនយោបាយផ្សេងភ្ជាប់នឹងរថយន្ត ឬ ទោចក្រយានយន្ត ឬត្រីចក្រយានិយន្ត ឬយានគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង ដែលមានអ្នកចូលរួមចាប់ពី ២០ (ម្ភៃ) នាក់ឡើងទៅ ។
ត្រូវមានរថយន្តចាប់ពី ២ (ពីរ) គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬត្រីចក្រយានយន្តចាប់ពី ១០ (ដប់) គ្រឿងឡើងទៅ។ ទោចក្រយានយន្ត ឬនិងត្រីចក្រយានយន្តចាប់ពី ២០ (ម្ភៃ) គ្រឿងឡើងទៅ ជលយានគ្រប់ប្រភេទចាប់ពី ៥ (ប្រាំ) គ្រឿងឡើងទៅ។ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានធ្វើយ៉ាងច្រើន ៤ (បួន) ដងក្នុងព្រំប្រទល់រាជធានី/ខេត្ត ដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងមិនអនុញ្ញាតឲ្យមានហែក្បួនឃោសនាបោះឆ្នោតនៅក្រៅមណ្ឌលបោះឆ្នោតដែរ។ សម្រាប់គណបក្សនយោបាយដែលហែក្បួនឃោសនាបោះឆ្នោតក្នុងរាជធានី ខេត្តដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះ ត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្ត្រជាក់ស្តែងនៃរាជធានី ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបានគណបក្សនយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ (បី) ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ទោះបីជារាជធានី ខេត្តដែលត្រូវឆ្លងកាត់នោះ ខ្លួនមានឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។
ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយ ត្រូវបិទឧបករណ៍បំពងសំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោតនៅក្នុងផ្សារត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និង ស្នើសុំទៅអ្នកគ្រប់គ្រងផ្សារ (គឃ.សប) យ៉ាងតិចឱ្យបាន ៣ (បី)ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ហើយសកម្មភាពក្នុងផ្សារ ត្រូវកម្រិតយ៉ាងច្រើនត្រឹមតែ ១០ (ដប់) នាក់ ប៉ុណ្ណោះ និងមិនត្រូវយកតាមខ្លួននូវឧបករណ៍បំពងសំឡេងឡើយ។ ប៉ុន្តែបើការផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងអាចធ្វើបាននៅក្រៅបរិវេណផ្សារ និងត្រូវសហការសម្របសម្រួលជាមួយអាជ្ញាធរដែនដី អ្នកគ្រប់គ្រងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើសកម្មភាពនោះ។ ជាមួយគ្នានោះដែរ គណបក្សនយោបាយ ត្រូវប្រមូលយកមកវិញនូវបណ្ណប្រកាស ឬបណ្ណបិទផ្សាយ បដា ឯកសារឃោសនាបោះឆ្នោតទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត៕