(វៀតណាម)៖ ប្រទេសវៀតណាមបានធ្វើការរិះគន់ទៅលើប្រទេសចិន និងហ្វីលីពីនដែលកាលពីពេលថ្មីៗកន្លងទៅមាននាវាស្រាវជ្រាវឆ្មំាសមុទ្រទំាងពីរប្រទេសនេះ បានចូលមកកាន់តំបន់សមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាមបានចោទប្រកាន់អំពីសកម្មភាពនោះថា ជាការរំលោភដល់អធិបតេយ្យភាពជាតិរបស់ខ្លួន។ ភាពតានតឹងបានកើតមានឡើងកាលពីពេលថ្មីៗនេះ នៅក្នុងការប្រកួតប្រជែងលើការទាមទារភាពជាកម្មសិទ្ធិរៀងៗខ្លួននៅក្នុងតំបន់ឈូងសមុទ្រចិនភាគខាងត្បូង ដែលគេចាត់ទុកថា ជាច្រកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោកខណៈដែលក្នុងមួយឆ្នំាៗ មាននាវាដឹកទំនិញឆ្លងកាត់មិនក្រោមពី៣ទ្រីលានដុល្លារអាម៉េរិកនោះទេ។
កប៉ាល់ចិន និងវៀតណាមបានប្រឈមមុខដាក់គ្នាកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលដែលនាវាស្រាវជ្រាវចិនមួយគ្រឿងបានឆ្លងចូលតំបន់សេដ្ឋកិច្ចខាងក្រៅ(EEZ)របស់ក្រុងហាណូយ ។ ដោយឡែកក្រុមអ្នកជំនាញការបានលើកឡើងដែរថា កប៉ាល់ចិននោះអាចទំនងជាកប៉ាល់ធ្វើការស្រាវជ្រាវ ហើយវៀតណាមចាត់ទុកថាជាការប្រទូស្តរ៉ាយដោយមិនបានប្រាប់ទុកជាមុន។ ដោយស្នើសុំធ្វើអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ្នកនំាពាក្យក្រសួងការបរទេសវៀតណាម លោក ផាម ថូ ហំាង(Pham Thu Hang )បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា នាវាទំាងអស់នោះ គឺ “រំលោភដល់សិទ្ធិអធិបតេយ្យ ហើយនិងដែនយុត្តាធិការរបស់ប្រទេសវៀតណាម” ដែលគួរមាន “វិធានការណ៍សមស្រប” ដើម្បីការពារសិទ្ធិរបស់ខ្លួន។ ដោយឡែកភាគីចិនឯណោះវិញបាននិយាយថា កិច្ចការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនោះ គឺជាសកម្មភាពធម្មតាមួយនៅក្នុងតំបន់ ដែលស្ថិតនៅក្រោមដែនយុត្តាធិការរបស់ចិនតែប៉ុណ្ណោះ។ ចំពោះប្រទេសហ្វីលីពីនវិញក៏បានអះអាងលើតំបន់សេដ្ឋកិច្ចខាងក្រៅចំនួន៥ទីតំាងជាពិសេសបរិវេណប្រជុំកោះស្ព្រាតលី(Spratly) ហើយក៏ជាផ្នែកមួយដែលភាគីវៀតណាមអះអាងដែរ។
ដោយសាកសួរមន្ត្រីអ្នកនំាពាក្យក្រសួងការបរទេសវៀតណាមជុំវិញបញ្ហារបស់ហ្វីលីពីនដែរនោះ លោក ហំាង បានគូសបញ្ជាក់យ៉ាងខ្លីថា “វៀតណាមជំទាស់ខ្លំាងរាល់សកម្មភាពទំាងអស់ដែលរំលោភសិទ្ធិអធិបតេយ្យរបស់វៀតណាម”។ ស្ថិតនៅក្នុងបរិការណ៍នេះដែរ អ្នកនំាពាក្យក្រសួងការបរទេសហ្វីលីពីនវិញ គឺលោក ថេរ៉េស៊ីតា ដាហ្សា() បានលើកឡើងថា ការតម្លើងឧបករណ៍របស់ឆ្មំាសមុទ្ររបស់ទីក្រុងម៉ានីល គឺជាការស្របទៅតាមសិទ្ធិរបស់ប្រទេសនៃរដ្ឋដែនសមុទ្រស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
អ្នកនំាពាក្យក្រសួងការបរទេសហ្វីលីពីនដដែលរូបនេះបានលើកឡើងបន្តទៀតថា មិនគួរមានក្តីបារម្ភលើរឿងនេះទេ ព្រោះជាការកែលម្អធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពកងនាវាចរណ៍ប៉ុណ្ណោះ៕