រាជធានីភ្នំពេញ ៖ ផ្ទះលក់គ្រឿងសង្ហារឹម និងចម្លាក់ពីឈើមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅដែលនគរបាលបានរកឃើញថា បង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ខណៈនោះអ្នកជិតខាងបាននាំគ្នាជួយពន្លត់ដែរ ប៉ុន្តែដោយភ្លើងឆេះខ្លាំងពេកទើបគ្មានលទ្ធភាពអាចពន្លត់បានឡើយរហូតមានការជួយពីរថយន្តពន្លត់អគ្គិភ័យទើបរលត់ទៅវិញ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកភូមិបាននិយាយថា ផ្ទះខាងលើនោះទទឹងប្រមាណ៧ម៉ែត្របណ្ដោយប្រមាណជាង២០ម៉ែត្រ សាងសង់ពីដែកប្រក់ដំបូលស័ង្កសី និងមានឡៅតឿផងដែរ ដែលមានម្ចាស់ឈ្មោះគុជ វ៉ាន្នី ភេទប្រុស អាយុ៤៦ឆ្នាំ ។ផ្ទះនេះមានដាក់លក់គ្រឿងសង្ហារឹមតុក ទូ និងចម្លាក់ឈើដូចជារូបត្រី ថូផ្កា រូបអង្គរវត្តជាដើម ។ នៅពេលដែលភ្លើងបានចាប់ផ្ដើមឆាបឆេះពីដំបូងពុំមាននរណាបានដឹងនោះទេ រហូតពេលភ្លើងឆេះពេញបន្ទុកទៅហើយទើបដឹង ហើយនៅពេលនោះបាននាំគ្នាជួយពន្លត់ដែរ ប៉ុន្តែមិនអាចពន្លត់បានឡើយ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងថា ខណៈនោះមានអណ្ដាតភ្លើងសន្ធោសន្ធៅ និងមានផ្សែងខ្មៅឃ្មួលខ្មាញ់ហុយឡើងលើកប់អាកាស ។ ភ្លាមៗនោះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍និងហៅរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងទៅបាញ់ពន្លត់ ហើយពន្លត់រយៈពេលក្រោយមកភ្លើងបានរលត់ទៅវិញ ដោយពុំបណ្ដាលឲ្យឆេះរាលដល់ផ្ទះអ្នកដ៏ទៃផ្សេងទៀតដែលស្ថិតនៅជាប់គ្នានោះឡើយ ប៉ុន្តែផ្ទះនោះត្រូវបានភ្លើងឆេះស្ទើរតែទាំងស្រុងរួមទាំងចម្លាក់ និងទ្រព្យសម្បត្តិផ្សេងទៀតក្នុងនោះមួយចំនួនផងដែរ ហើយនៅពុំទាន់ដឹងថា នៅក្នុងគ្រោះអគ្គិភ័យនេះបណ្ដាលឲ្យមានការខាតបង់គិតជាទឹកប្រាក់ប៉ុន្មាននៅឡើយទេ ៕