(ប៉ៃលិន)៖ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក ដួង អ៊ិម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត ចុះពិនិត្យមើលរង្វាស់រង្វាល់ នៃបរិមាណប្រេង នៅស្ថានីយប្រេងឥន្ធនៈ ដែលបងប្អូនអាជីវករ បានចាក់លក់ ឱ្យអតិថិជន។ ពិធីនេះប្រព្រិត្តទៅនៅស្ថានីយប្រេងឥន្ធនៈ SOKIMEX ស្ថិតក្នុងភូមិអូរពើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្នុងការចុះពិនិត្យនេះដែរលោក ដួង អ៊ិម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានធ្វើការចុះពិនិត្យ ជាប្រចាំ នៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងករណីរកឃើញម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ធ្វើការកិបកេង ក្នុងការចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ជូនប្រជាពលរដ្ឋ អាចប្រឈមនឹងការពិន័យ ពី១លានរៀល ដល់៥លានរៀល ក្នុងមួយដៃប្រេង និងជាប់ពន្ធនាគាពី១ខែ ដល់៦ខែផងដែរ។ លោក ដួង អ៊ិម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន ក៏បានបញ្ជាក់ដែរថា៖ ចំពោះស្ថានីយ៍ប្រេងឥន្ធនៈណា ដែលបានពិនិត្យរួច ក្រុមការងារបានកិបសៀល ដើម្បីបញ្ជៀសនូវការកែប្រែ នូវចំនួនតួលេខ ដែលធ្វើឱ្យខ្វះចំណុះ នៅក្នុងឧបករណ៍ចាក់ប្រេងទាំងនោះ បន្ទាប់មកទៀតក្រុមការងារបានបិទ Sticker ជាប់នៅលើម៉ាស៊ីនចាក់ប្រេង របស់ស្ថានីយនីមួយៗ ដែលបានបញ្ជាក់ថាបានទទួលការពិនិត្យ និងទទួលស្គាល់ថាស្ថានីយ៍ប្រេងឥន្ធនៈ នោះមានការចាក់គ្រប់ចំណុះត្រឹមត្រូវ តាមស្តង់ដារ ដែលបានកំណត់។ លោក ប្រធានមន្ទីរ បានបន្តទៀតថា៖ ចំពោះករណីរកឃើញថា ស្ថានីយ៍ប្រេងឥន្ធនៈណា ដែលមិនមានភាពត្រឹមត្រូវ ចំពោះរង្វាស់រង្វល់លីត្រ ក្រុមការងារជំនាញ របស់មន្ទីរ និងចុះមកបិទជាបណ្តេះអាសន្ន ។ជាមួយគ្នានេះលោកប្រធានមន្ទីរ ក៍បានអំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈទាំងអស់នៅទូទាំងខេត្តប៉ៃលិន សូមកុំកេងបន្លំ ចាក់ប្រេងឥន្ធនៈមិនគ្រប់លីត្រ ជូនប្រជាពលរដ្ឋ ហើយក្នុងករណីដែលមន្ត្រីជំនាញចុះពិនិត្យឃើញថា មានការកេងបន្លំ ឬចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ជូនប្រជាពលរដ្ឋនោះ ម្ចាស់ស្ថានីយ៍ទាំងនោះ នឹងត្រូវទទួលរងការផាកពិន័យ យ៉ាងធ្ងន់ធ្ងរ តាមច្បាប់ ដែលបានកំណត់ផងដែរ។ ទន្ទឹមនឹងនោះដែរ លោកប្រធានមន្ទីរ ក៍បានស្នើ ដល់ប្រជាពលរដ្ឋ នៅពេលចូលចាក់ប្រេងឥន្ធនៈ នៅតាមស្ថានីយនីប្រេងឥន្ធនៈនីមួយៗ សូមពិនិត្យមើល sticker ដែលមានបិទ នៅជាប់ម៉ាស៊ីនបាញ់ប្រេងទាំងនោះ ដើម្បីយើងទទួលស្គាល់បាន ថាស្ថានីយ៍នោះ ចាក់ប្រេងគ្រប់ចំណុះ ជូនយើងដោយមិនមានការគិតកេងឡើយ។ ក្នុងនោះលោក ក៏បានសុំឱ្យប្រជាពលរដ្ឋរាយការណ៍ និងផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញ ដែលមានការសង្ស័យថា មានស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ដែលបានកិបកេង និងចាក់ប្រេងឥន្ធនៈជូនបងប្អូន ដោយមិនគ្រប់ចំណុះ ដើម្បីឱ្យក្រុមការងារ របស់មន្ទីរ ចុះធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវឡើងវិញផងដែរ៕អត្ថបទ សេង សុវណ្ណារិទ្ធ