(រ៉ួម)៖ អាជ្ញាធរបាននិយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលទឹកជំនន់បានវាយប្រហារមកលើតំបន់អ៉ីមីឡា រ៉ូម៉ាកណា (Emilia-Romagna) ដែលស្ថិតនៅភាគខាងជើង នៃប្រទេសអ៉ីតាលី ព្រមជាមួយការព្រមានថាស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។
មនុស្សជាច្រើននាក់កំពុងបាត់ខ្លួន ហើយច្រាំងទន្លេជាច្រើនបានបាក់នៅតំបន់រ៉ូម៉ាកណា។ ក្រុមអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះពួកគេ ដោយឧទ្ធម្ភាគចក្រ ឬទូកជ័រ។ ចំណែកទីក្រុងរ៉ាវេនណា (Ravenna) ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ លោកស្រី ទីតទី ប៉ូស្ទីកលីអូនេ (Titti Postiglione) អនុប្រធានទីភ្នាក់ងារការពារជនស៊ីវិល បានគូសបញ្ជាក់ថា «ភ្លៀងធ្លាក់មិនទាន់ឈប់នោះទេ វានឹងបន្តរយៈពេលជាច្រើនម៉ោងទៀត។
យើងកំពុងប្រឈមមុខនឹងស្ថានការណ៍ ដ៏ស្មុគស្មាញ»។ នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី ចចជៀ ម៉េឡូនី (Giorgia Meloni) បានសម្តែងក្តីបារម្ភចំពោះប្រជាជនដែលរងផលប៉ះពាល់ ដោយសរសេរនៅលើ Twitter របស់លោកស្រីថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នានា ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយផ្នែកអាកាសធាតុ កំពុងកើនឡើងនៅក្នុងប្រទេសអ៉ីតាលី។ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Emilia-Romagna កើតឡើងបន្តពីគ្រោះរាំងស្ងួតរយៈពេលជាច្រើនសប្តាហ៍ ដែលបានធ្វើអោយដីស្ងួតអស់ កាត់បន្ថយសមត្ថភាពស្រូបយកទឹក និងធ្វើឲ្យផលប៉ះពាល់នៃទឹកជំនន់កាន់តែអាក្រក់ទៅៗ៕