(ក្រចេះ)៖ ពោតក្រហមជាដំណាំមួយប្រភេទ ដែលអាចច្នៃជាចំណីសត្វក៏ដូចជាប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ។ នៅក្នុងខេត្តក្រចេះប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គមួយចំនួន ក៏មានដាំដំណាំពោតក្រហមក្រៅពីដំណាំកសិកម្មផ្សេងទៀត។ កសិករម្នាក់ឈ្មោះ ជ្រុយ រស់នៅក្នុងភូមិព្រែករការ ឃុំសោប ស្រុកព្រែកសប់ ខេត្តក្រចេះបានបង្ហាញពីការដាំពោតក្រហមឲ្យទទួលបានទិន្នផលខ្ពស់តាមបច្ចេកទេសកសិកម្ម។បុរសជាកសិកររូបនេះបានលើកពីបច្ចេកទេសដាំដំណាំពោតក្រហម ចំបាច់ត្រូវធ្វើដីឲ្យល្អមិនត្រូវឲ្យមានស្មៅឡើយ។
មុនដាំត្រូវភ្ជួរដីហាលថ្ងៃឲ្យបាន ៧ ថ្ងៃដើម្បីសម្លាប់ស្មៅនិងមេរោគ។ សំខាន់មួយទៀតគឺការជ្រើសរើសពូជអ បើពូជមិនល្អអាចខាតបង់ពេលវេលា និងថវិកា។ កសិករូបនេះបន្តថា ពោតមានអាយុកាលឲ្យផលពី ៩៥-១១០ ថ្ងៃ។ នៅតាមតំបន់ដែលកសិកររូបនេះរស់នៅ ភាគច្រើនគេប្រើគោយន្តកន្រ្តៃភ្ជួរធ្វើរង។ បុរសជាកសិករបានប្រាប់ពីបច្ចេកទេសបន្ថែមថា មុនដាំពោតដីត្រូវមានសំណើម ៥០-៧០% ជម្រៅសើម ២៥-៥០cm។ពោតចេញពន្លកដើមរត់ជួរលូតលាស់រយះពេល ៤-៧ ថ្ងៃ។ ពោតអាយុ ១៥-៣០ ថ្ងៃត្រូវការទឹក និងជី N,K ខ្លាំង ដើម្បីលូតលាស់ដើមនិងស្លឹក។ អាយុ ៣០-៤៥ ថ្ងៃចាប់ផ្តើមលែងដើមនិងស្លឹកខ្លាំងចាប់ផ្តើមក្របួចផ្កា ដាក់ស្នៀត។ អាយុ ៤៥-៥៥ ថ្ងៃ ត្រូវទឹកច្រើន និងជី N,P ដើម្បីជួយជំរុញស្នៀតពោតរីកធំពេញលេញតាមស្រទាប់ស្លឹក លូតលាស់ផ្លែ។ អាយុ ៥៥-៧០ ថ្ងៃ ត្រូវការទឹក និងជី P,K ដើម្បីដាក់សាច់ម៉្សៅ និងក្លុយកូសធ្វើឲ្យមានរសជាតិផ្អែម ជំរុញឲ្យផ្លែធំគួបផ្សំការសំយោគពន្លឺព្រះអាទិត្យពេលព្រឹកផងដែរ។
បើតាមកសិកររូបនេះអះអាងថា បច្ចេកទេសដាំដុះនេះគឺអនុវត្តតាមមន្ទីរជំនាញដែលបានចុះមកបង្ហាត់បង្រៀន។ កសិកររូបនេះបានបន្តថា នៅពេលប្រមូលផលជារៀងរាល់ឆ្នាំគាត់អាចប្រមូលផលបានចាប់ពី ៥ ទៅ ៦ តោនក្នុង ១ ហិតា។ ជាចុងក្រោយលោកស្នើដល់ក្រសួងកសិកម្មមេត្តាជួយដោះស្រាយបញ្ហារឿងតម្លៃទីផ្សារផង។ ពេលខ្លះទោះគាត់ខំធ្វើបានច្រើនមែនតែមិនសូវចំណេញប៉ុន្មានដែរទេព្រោះចំណាយលើជីថ្នាំអស់ច្រើនដែរ៕