(កីឡា)៖ រឿងរ៉ាវដែលមិននឹកស្មានដល់នៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតមានឡើង បន្ទាប់ពីក្រុមជម្រើសជាតិថៃបានប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដោយលទ្ធផល ២-៥ ក្នុងការប្រកួតកីឡាបាល់ទាត់បុរសដណ្តើមមេដាយមាសស៊ីហ្គេម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។
ដោយឡែកក្រោយការប្រកួតចប់មិនបានប៉ុន្មានផង ក្រុមទាំងពីរឈានដល់ប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញ ដោយមានការវាយតប់គ្នា និងជាពិសេសមានកាតក្រហមដល់ទៅ ៧ និងកាតលឿង ១២ សម្រាប់ក្រុមទាំងសងខាង។ យ៉ាងណាមិញ ក្រោយសកម្មភាពហិង្សាបញ្ចប់ភ្លាមៗ ខ្សែការពារជម្រើសជាតិថៃ Jonathan Khemdee បានបោះមេដាយស៊ីហ្គេម ជាមួយវត្ថុអនុស្សាវរីយ៍ ទៅកាន់អ្នកគាំទ្របាល់ទាត់ដោយមិនសោកស្តាយ។
ភ្លាមៗនោះដែរ Thiago Texiera បានបញ្ចេញសារថាទៅកាន់ឃ្លិបនោះថា “វាជាការមិនគោរពដ៏ធំធេងសម្រាប់ពិភពកីឡា។ ជាឧទាហរណ៍ អត្តពលិកនេះត្រូវហាមឃាត់មិនឲ្យលេងកីឡានេះ។ ខ្ញុំសង្ឃឹមថាមន្ត្រីស៊ីហ្គេម និងជុំវិញពិភពលោក នឹងដោះស្រាយការប្រមាថបែបនេះ”។សូមបញ្ចាក់ដែរថា ហេតុការណ៍ដែលឈានទៅដល់ការវាយតប់គ្នាកាន់តែតានតឹងខ្លាំង បន្ទាប់ពីជម្រើសជាតិថៃ៣រូបទទួលបានកាតក្រហមក្នុងទីលានគឺកីឡាករ Sophonwit Rakkin, Jonathan Khemdee និង Teerasak Pimai ហើយបានធ្វើឲ្យក្រុមជម្រើសជាតិថៃកាន់តែមានគ្នាតិចជាងមុនក្នុងទីលានប្រកួត៕