(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពទៅលើវិស័យសុខាភិបាល និងវិស័យអប់រំជាខ្លាំង ដោយបានផ្ដល់ក្របខ័ណ្ឌដល់វិស័យទាំងពីរនេះ រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
ការគូសបញ្ជាក់ជាថ្មីនេះ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាល និងវិស័យអប់រំ ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរជាខ្លាំងនាពេលកន្លង ដោយវិស័យទាំងពីរនេះ គឺរាជរដ្ឋាភិបាល បានផ្ដល់ក្របខ័ណ្ឌច្រើនជាងគេ ដែលផ្ទុយពីវិស័យផ្សេងទៀត។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «គឺមានតែពីរផ្នែកនេះទេ ដែលរាជរដ្ឋាភិបាលផ្ដល់ក្របខ័ណ្ឌក្នុងមួយឆ្នាំៗរាប់ពាន់នាក់នោះ ឯស្ថាប័នដទៃទៀត ចូលនិវត្តន៍ម្នាក់ អនុញ្ញាតឲ្យរើសម្នាក់ ជួនកាលចូលនិវត្តន៍ពីរនាក់ ឲ្យរើសតែម្នាក់ទេ ប៉ុន្តែក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ គឺយើងផ្ដល់លទ្ធភាពច្រើន ដើម្បីបម្រើនូវសេចក្ដីត្រូវការ សម្រាប់ការព្យាបាលប្រជាជនរបស់យើង»៕