(ឥណ្ឌូណេស៊ី)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឃាត់ខ្លួនទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ កាលពីថ្ងៃពុធ ដោយចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ ដោយគេរកឃើញថា រដ្ឋមន្រ្តីរូបនោះបានធ្វើឱ្យបាត់បង់លុយរដ្ឋប្រមាណជាកន្លះពាន់លានដុល្លារអាម៉េរិក។ លោក ចននី ជី ផ្លាតេ(Johnny G Plate) គឺជារដ្ឋមន្រ្តីលំដាប់ទី៥ក្នុងជួរគណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតីចូកូវីដូដូ ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ។ កាលពីពេលថ្មីៗកន្លងមកនេះក៏មានការឃាត់ខ្លួននិងកាត់ឱ្យជាប់ពន្ធនាគារលើរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរដ្ឋមន្រ្តីក្រសួងជលផលផងដែរពីបទប្រព្រឹត្តិអំពើពុករលួយកាលពីឆ្នំា២០២១។
ការិយាល័យអគ្គរដ្ឋអាជ្ញា(AGO) បានលើកឡើងថា លោកចននី ត្រូវគេឃាត់ខ្លួនដោយសារតែរូបលោកមានការជាប់ពាក់ព័ន្ធនឹងនីតិវិធីលទ្ធកម្មនៃការទិញសម្ភារៈដើម្បីយកមកសាងសង់ប៉មទូរគមនាគមន៍រាប់ពាន់ទីតំាងសម្រាប់ដំណើរប្រព័ន្ធអិនធឺណែតសម្រាប់អ្នកស្រុកប្រើប្រាស់ នៅក្នុងក្រសួងរបស់លោកកាលពីឆ្នំា២០២០កន្លងទៅ។ ការិយាល័យរដ្ឋអាជ្ញាបានរកឃើញថា រដ្ឋមន្រ្តីរូបនោះបានប្រើប្រាស់ថវិកាជាតិខុសប្រក្រតីដែលនំាឱ្យបាត់បង់ច្រើន ខណៈដែលក្រសួងទូរគមនាគមន៍បានលើកឡើងឆ្លើយតបទៅនឹងការឃាត់ខ្លួនលោករដ្ឋមន្រ្តីថា នីតិវិធីលទ្ធកម្ម (ដាក់ឱ្យដេញថ្លៃ)នោះមានឯកសារច្បាស់លាស់ និងស្ថាប័ននីតិកម្មបានចូលរួមផងដែរអំឡុងពេលនៃដំណើរការលទ្ធកម្ម។ ស្ថិតនៅក្នុងបរិការណ៍នេះដែរ ខុទ្ទកាល័យរបស់លោកប្រធានាធិបតីចូកូវីដូដូ បានលើកឡើងថា ជាច្រើនលើកច្រើនគ្រាណាស់មកហើយ ដែលលោកប្រធានាធិបតីបានក្រើនរំលឹកដល់រដ្ឋមន្រ្តីនិងមន្រ្តីក្រោមឱវាទទំាងឡាយ ត្រូវតែធ្វើការងារដោយប្រុងប្រយ័ត្ននិងមានមនសិការការងារខ្ពស់ ប្រាសចាកអំពើអាក្រក់។ ចំណែកឯមេធាវីម្នាក់ របស់រដ្ឋមន្រ្តីដែលគេចាប់ខ្លួននោះមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយជុំវិញរឿងការចាប់ខ្លួនលោករដ្ឋមន្រ្តីនោះបានឡើយនៅថ្ងៃព្រហស្បតិ៍នេះ។
តាមឯកសារផ្លូវការដែលការិយាល័យអគ្គរដ្ឋអាជ្ញា(AGO)របស់ប្រទេសឥណ្ឌូណេស៊ីបានបង្ហាញឱ្យដឹងដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ករណីអំពើពុករលួយនេះគេរកឃើញបាត់បង់ថវិកាជាតិប្រមាណជា ៨ទ្រីលានរូពីយ៉ា ដែលស្មើនឹង ៥៤៤លានដុល្លារអាម៉េរិក។ ដោយយោងតាមអង្គការតម្លាភាពអន្តរជាតិដែលជាស្ថាប័នតាមឃ្លំាមើលរឿងអំពើពុករលួយសកលបានបង្ហាញទិន្នន័យថា ប្រទេសឥណ្ឌូណេស៊ីបានទម្លាក់ចំណាត់ថ្នាក់រហូតដល់ទៅ៤ខ្ទង់នៅលើសន្ទទស្សន៍បង្ហាញអំពីអំពើពុករលួយកាលពីឆ្នំាមុនមកនៅត្រឹមលំដាប់លេខរៀង១១០ ក្នុងចំណោមក្រុមប្រទេសចំនួន១៨០ផ្សេងទៀតនៅក្នុងពិភពលោក៕