(ភ្នំពេញ)៖កម្ពុជា និងសហភាពអឺរ៉ុប បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងលទ្ធផលនៃកិច្ចពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគម្រោងថ្មីមួយ ដែលនឹងផ្តល់ជំនួយបច្ចេកទេសដោយសហភាពអឺរ៉ុប។លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប និងអង្គការ GIZ ក្នុងការអនុវត្តគម្រោង ARISE Plus Cambodia ដែលជាគម្រោងផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់។ លោក បានគូសបញ្ជាក់ថា គម្រោងថ្មីនេះ មានគោលបំណងដើម្បីរួមចំណែកដល់ការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯកជនឱ្យមានភាពរឹងមាំជាងមុន ដែលអាចបំពេញលក្ខខណ្ឌតម្រូវតាមស្ដង់ដារអន្តរជាតិ សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប និងទីផ្សារក្នុងតំបន់។
គម្រោងថ្មី ដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ នឹងបន្តអនុវត្តនូវសកម្មភាព និងលទ្ធផលដែលសម្រេចបានក្រោមគម្រោង ARISE Plus Cambodia ក៏ដូចជាចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលចូលរួមពង្រឹងភាពប្រគួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ទាំងក្របខណ្ឌគោលនយោបាយ និងសមត្ថភាពរបស់វិស័យឯកជន បន្ទាប់ពីកម្ពុជានឹងចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ លើសពីនេះ គម្រោងថ្មីនេះ នឹងជួយឱ្យកម្ពុជាអនុវត្តកាតព្វកិច្ច និងការសន្យាក្នុងក្របខណ្ឌអង្គការ WTO និងអាស៊ានផងដែរ។បើតាមលោក រដ្ឋលេខាធិការ គម្រោងនេះ មានសមាសមាភាគបីសំខាន់ៗ រួមមាន ការរៀបចំគោលនយោបាយពាណិជ្ជកម្ម (Trade Policy) , ការសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation) និងការបង្កើនសមត្ថភាពវិស័យឯកជន (private Sector)។ លោក សុខ សុភ័ក្ត្រ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានធ្វើការពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធ និងបានរៀបចំសេចក្តីព្រាងស្តីពីខ្លឹមសារនៃគម្រោងដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ខាងមុខ៕