(បាត់ដំបង)៖ កសិករក្នុងខេត្តបាត់ដំបងងាកពីការធ្វើចំណាកស្រុកចាប់យកមុខរបរចិញ្ចឹមសត្វទាយកពងរកប្រាក់ចំណូលបានច្រើនគួរសមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានប្រសើរជាងមុន។កសិករឈ្មោះ ឈឿម ម៉ៅ បច្ចុប្បន្នរស់នៅភូមិសូភី ឃុំដងរុន ស្រុកថ្មគោល ខេត្តបាត់ដំបងបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣នេះថា÷ ក្រោយបញ្ឍប់ការធ្វើចំណាកស្រុកតាំងពីឆ្នាំ ២០១៧ មកលោកបានចាប់យកមុខរបរចិញ្ចឹមសត្វទានៅតាមទីវាលស្រែវិញរហូតដល់សព្វថ្ងៃដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងចំណាយលើការសិក្សារបស់កូនៗមួយបានចំនួនផងដែរ។
ចំពោះមុខនៅរដូវក្តៅហួតហែងនេះលោកបានដាក់ចិញ្ចឹមទាយកពងប្រភេទពូជទាយួន (ពូជយកមកប្រទេសវៀតណាម) ដូចឆ្នាំមុនៗដែរ ដោយក្នុងរដូវឆ្នាំនេះលោកបានចិញ្ចឹមវាចំនួន ៣១៥០ក្បាល ក្នុងនោះសត្វទាដែលកំពុងហុចផលឲ្យពងមានចំនួនជាង ២០០០ក្បាល។បច្ចប្បន្នបើទោះបីសត្វទារបស់លោកបានហុចផលពងជាប្រចាំជាង ២០០០ក្បាលក្នុងមួយថ្ងៃយ៉ាងណាក្តីក៏មិនសូវចំណេញប្រាក់ច្រើនដែរដោយសារក្នុងមួយថ្ងៃៗលោកត្រូវចំណាយលើចំណីច្រើនរហូតដល់ ១៤ការ៉ុងក្នុងមួយថ្ងៃគឺស្រូវចំនួន ២ការ៉ុង និងចំណីការ៉ុងអស់ចំនួន១២ការ៉ុង ដែលខុសឆ្ងាយពីការចិញ្ចឹមនៅរដូវវស្សាគឺគ្រាន់តែចំណាយពេលវេលាកៀងសត្វទាចេញទៅទីវាល និងកៀងទាចូលទ្រុងហើយព្រឹកឡើងចាំដើររើសពងប៉ុណ្ណោះមិនត្រូវចំណាយលើចំណីច្រើនដូចនៅរដូវប្រាំងឡើយ។
កសិករ ឈឿម ម៉ៅ បន្តថា÷ របរចិញ្ចឹមសត្វទាយកពងងាយស្រួលមិនសូវហត់នឿយដូចការដាំដុះដំណាំ ឬធ្វើស្រែឡើយ ហើយក៏មិនខ្វល់ពីការកកស្ទះ ឬពិបាកលក់ដូរឡើយព្រោះម៉ូយៗបញ្ជាទិញអស់ៗ និងមកលើកដល់កន្លែង ពេលខ្លះផ្គត់ផ្គង់មិនគ្រប់តម្រូវការទីផ្សារផង មិនថាពងមានចំនួន ២០០០គ្រាប់ ឬពង ៥០០០គ្រាប់ឡើយក៏ម៉ូយទិញយកទាំងអស់ដែរក្នុងមួយថ្ងៃ។ ពងទានៅរដូវវស្សាមានរសជាតិឆ្ញាញ់ជាងពងទានៅរដូវប្រាំងដោយសារនៅរដូវវស្សាសម្បូរ បច្ចប្បន្នពងទាលក់បានតម្លៃចន្លោះពី ៤០០ ទៅ៥០០រៀលក្នុងមួយគ្រាប់ ទីផ្សារធំក្នុងខេត្តបាត់ដំបង ខេត្តពោធិសាត់ ក្រុងភ្នំពេញ បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើមអតិថិជនបញ្ជាទិញកែច្នៃធ្វើជាម្ហូបអាហារ ឬជានំផ្សេងៗ៕