(រុស្សី)៖ ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយសព្វាវុធនៅគ្រប់កន្លែងលើទឹកដីរបស់ខ្លួនតាមដែលចិត្តចង់ និងបង្កើនការផលិតអាវុធ បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) ជាមួយអង្គការណាតូ។
នេះបើតាមការគូសបញ្ជាក់ ពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃអង្គារទី១៦ខែឧសភា។លោក Medvedev បានលើកឡើងបែបនេះ បន្ទាប់ពីសភារុស្ស៊ី គាំទ្រជាឯកច្ឆ័ន្ទនូវច្បាប់ដែលអនុញ្ញាតឲ្យទីក្រុងមូស្គូ បដិសេធកិច្ចព្រមព្រៀងចុះហត្ថលេខាក្នុងឆ្នាំ១៩៩០ដោយអង្គការណាតូ និងបណ្តាប្រទេសនៃកិច្ចព្រមព្រៀងទីក្រុងវ៉ាសូវី ដែលរួមមានទាំងសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបខាងកើត ផងដែរ។ CFE បានកំណត់ចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះដែលត្រូវបានអនុញ្ញាតឲ្យឈរជើងនៅអឺរ៉ុប ដើម្បីការពារភាពស្មើគ្នា និងទប់ស្កាត់ភាគីណាមួយ ពីការប្រមូលផ្តុំកងកម្លាំងសម្រាប់ការវាយលុករហ័ស។លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា “យើងលែងពាក់ព័ន្ធនឹងឯកសារនេះ តាំងតែពីឆ្នាំ២០០៧មកម្ល៉េះ។
បន្ទាប់ពីការដកខ្លួនរបស់ទីក្រុងមូស្គូពី CFE និងការព្យួរកាតព្វកិច្ចអន្តរជាតិផ្សេងទៀតរបស់ខ្លួន គ្មានអ្វីរារាំងយើងពីការដាក់ពង្រាយអាវុធ នៅកន្លែងដែលយើងចង់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង រួមទាំងនៅក្នុងផ្នែករុស្ស៊ីនៅអឺរ៉ុបផងដែរ នោះទេ”។ ស្របពេលជាមួយគ្នានោះ អតីតប្រធានាធិបតីរូបនេះ ក៏បានប្តេជ្ញាផងដែរថា ឥឡូវ រុស្ស៊ីនឹងបង្កើនការផលិតអាវុធ បរិក្ខារយោធា និងគ្រឿងសឹកដែលខ្លាំងៗ។ គួរបញ្ជាក់ជាថ្មី ប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួនក្នុង CFE កាលពីឆ្នាំ២០០៧ ដោយចោទប្រកាន់អង្គការណាតូថា បានរំលោភលើបទប្បញ្ញត្តិនៃសន្ធិសញ្ញានេះម្តងហើយម្តងទៀត និងបានលើកឡើងពីការបដិសេធរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ក្នុងការផ្តល់សច្ចាប័នលើកំណែថ្មីនៃកិច្ចព្រមព្រៀង៕